រុស្ស៊ី៖ ក្រសួងការពារជាតិរុស្ស៊ីបានអះអាងកាលពីថ្ងៃពុធថា កងទ័ពអ៊ុយក្រែនបានបាត់បង់យន្តហោះចម្បាំងចំនួន 4គ្រឿង។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ប្រធានអ្នកនាំពាក្យក្រសួងលោក Igor Konashenkov បាននិយាយថា កងកម្លាំងអ៊ុយក្រែនបានបាត់បង់យន្តហោះ SU-25 ចំនួនពីរគ្រឿង, SU-24 មួយគ្រឿង និង MiG-29 មួយគ្រឿង។
លោក Konashenkov បាននិយាយថា កងកម្លាំងរុស្ស៊ីបានបំផ្លាញរថក្រោះអ៊ុយក្រែនចំនួន 63គ្រឿង, រថយន្តប្រយុទ្ធ 59គ្រឿង, រថពាសដែក 48គ្រឿង, រថយន្តភីកអាប់ចំនួន 14គ្រឿងបំពាក់កាំភ្លើងយន្តធុនធ្ងន់ ហើយកងទ័ពអ៊ុយក្រែនជាង 1,700នាក់បានស្លាប់។ លោកនិយាយថា របបទីក្រុងគីវបន្តការបង្កហេតុក្នុងគោលបំណងរំខានដល់ការងាររបស់ទីភ្នាក់ IAEA និងបង្កើតគ្រោះមហន្តរាយបច្ចេកវិទ្យានៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia។ លោកបាននិយាយថា ស្ថានភាពវិទ្យុសកម្មនៅមានលក្ខណៈធម្មតានៅរោងចក្រថាមពលនុយក្លេអ៊ែរ។
សេចក្តីថ្លែងការណ៍នេះធ្វើឡើងនៅពេលដែលក្រុមអ្នកត្រួតពិនិត្យ របស់អង្គការសហប្រជាជាតិបានធ្វើដំណើរមកកាន់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia កាលពីថ្ងៃពុធ ជាបេសកកម្មរងចាំជាយូរមកហើយ ដែលពិភពលោកសង្ឃឹមថានឹងជួយធានាបានថា រោងចក្រដែលចូលគ្រប់គ្រងដោយរុស្ស៊ីមួយនេះ នឹងអាចបញ្ចៀសគ្រោះមហន្តរាយ។ ដោយបញ្ជាក់ពីគ្រោះថ្នាក់ ទីក្រុងគីវ និងទីក្រុងមូស្គូបានចោទប្រកាន់ដាក់គ្នាទៅវិញទៅមក ចំពោះការវាយប្រហារលើតំបន់ជុំវិញរោងចក្រនុយក្លេអ៊ែរធំជាងគេរបស់អឺរ៉ុបមួយនេះ។ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ចេញវីដេអូ កងកម្លាំងប្រដាប់អាវុធរុស្ស៊ីកំពុងអនុវត្តការបាញ់មីស៊ីល និងការហោះហើរយន្តហោះ SU-25 ក្នុងអំឡុងពេលប្រតិបត្តិការសឹកពិសេសដែលកំពុងបន្តនៅអ៊ុយក្រែន៕
អត្ថបទ៖ ប៊ុនថន