ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានបើកកិច្ចប្រជុំអន្តរក្រសួង នៅថ្ងៃទី៣១ ខែសីហា លើការរៀបចំសេចក្តីព្រាងគោលនយោបាយស្តីពី ទេសចរណ៍ពិសិដ្ឋ ឆ្នាំ២០២២ ឆ្នាំ២០៣២ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិមានចំណូលខ្ពស់មកទស្សនា និងស្នាក់នៅកម្ពុជាបានយូរ និងឈានទៅរកបង្កើតការវិនិយោគទុននៅកម្ពុជាថែមទៀត។
ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ បានថ្លែងថា កន្លងមកក្រសួង បានបើកការពិភាក្សាស្នើសុំយោបល់ច្រើនលើកច្រើនសារជាមួយបណ្តាស្ថាប័នក្រសួងពាក់ អង្គការសង្គមស៊ីវិល និងវិស័យឯកជននានាទៀត ដើម្បីធានាប្រសិទ្ធភាពអនុវត្តគោលនយោបាយនេះមានភាពទាក់ទាញទេសចរអន្តរជាតិពិសេសៗ ដូចជា ភ្ញៀវទេសចរអន្តរជាតិលំដាប់សេដ្ឋី ភ្ញៀវមានចំណូលខ្ពស់ និងទេសចរវ័យចាស់អាចមកទស្សនា និងស្នាក់នៅកម្ពុជាបានយូរឆ្នាំ ដើម្បីធ្វើការបណ្តាក់ទុនវិនិយោគលើវិស័យនានានៅកម្ពុជា។
ឯកឧត្តម ថោង ខុន បន្តថា ការរៀបចំគោលនយោបាយទេសចរណ៍ពិសិដ្ឋ បានធ្វើឡើង ដោយសារកម្ពុជា មានតំបន់ទេសចរណ៍ដែលមានសក្តានុពលជាច្រើនកន្លែង និងអាចប្រកួតប្រជែងជាមួយបណ្តាប្រទេសដទៃបាន។
តំបន់ទេសចរណ៍ពិសិដ្ឋដែលមានសក្តានុពលទាំងនោះ៖ គឺមានភ្ញៀវទេសចរអន្តរជាតិលំដាប់សេដ្ឋីៗ និងភ្ញៀវអន្តរជាតិមានចំណូលខ្ពស់ជាច្រើន មានតម្រូវការជួលដី ជួលផ្ទះ និងជួលអចលទ្រព្យនានាដើម្បីស្នាក់នៅយូរធ្វើការវិនិយោគទុនបើកអាជីវកម្មនានានៅកម្ពុជា ។
ឯកឧត្តម ថោង ខុន បន្តថា ការដាក់ចេញនូវគោលនយោបាយស្តីពីទេសចរណ៍ពិសិដ្ឋ ២០២២-២០៣២ នឹងក្លាយជាចលករដ៏មានឥទ្ធិពល រួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម ការទាក់ទាញប្រភេទទេសចរគុណភាពស្របតាមនិន្នាការថ្មី ទម្លាប់ថ្មីនៃទេសចរណ៍។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលអនុញ្ញាតឲ្យបង្កើតលើទំហំដី ១០០ហិកតាឡើងទៅ ត្រូវមានព្រំប្រទល់ទីតាំងច្បាស់លាស់ និងសម្បទាសេវាកម្មទេសចរណ៍នានា ដូចជា សេវាស្នាក់នៅទេសចរណ៍ និវេសនដ្ឋានទេសចរណ៍ សេវាម្ហូបអាហារ និងភេសជ្ជៈ មណ្ឌលកម្សាន្តទេសចរណ៍ មណ្ឌលសម្រាកលំហែកាយ ថែទាំសុខភាព កីឡាទេសចរណ៍មណ្ឌលពាណិជ្ជកម្ម និងមណ្ឌលសេវាពាក់ព័ន្ធនានាទៀត ដែលម្ចាស់គ្រប់គ្រងត្រឹមត្រូវ៕
អត្ថបទ ស៊ុម សុខជា