ភ្នំពេញ ៖ ក្រសួងសុខាភិបាល កំពុងសាងសង់អគារមន្ទីរពេទ្យថ្មីទំនើបៗជាច្រើនបន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាការរីកចំរើន ផ្នែកវេជ្ជសាស្ត្ររបស់ពិភពលោកនាពេលបច្ចុប្បន្ន។
នាឱកាសដែរឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល អមដំណើរដោយឯកឧត្តម សាស្រ្តាចារ្យរង លូ លីឃាង នាយកមនី្ទរពេទ្យព្រះអង្គឌួង ចុះពិនិត្យដំណើរការសាងសង់អគារពហុព្យាបាលជំងឺកម្ពស់៨ជាន់ នៅមន្ទីរពេទ្យអង្គឌួង នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ បានថ្លែងថាសព្វថ្ងៃនេះក្រសួងសុខាភិបាល កំពុងសាងសង់អគារមន្ទីរពេទ្យថ្មីៗព្រមទាំងបំពាក់នូវឧបករណ៍សម្ភារៈវេជ្ជសាស្រ្តទំនើបៗជាច្រើនទាំងនៅថ្នាក់កណ្តាលទាំងនៅថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលមកទទួលសេវានៅតាមមន្ទីរពេទ្យនានា។
ឯកឧត្តម សាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានឲ្យដឹងថា អគារកម្ពស់ ៨ ជាន់នេះ បានសាងសង់កាលពីខែមេសា ឆ្នាំ២០២១ មកដល់ពេលនេះ សម្រេចការសាងសង់បាន៩០ភាគរយ ដោយចំណាយថវិកាប្រមាណ ៣លានដុល្លារអាមេរិក ជាថវិការបស់រាជរដ្ឋាភិបាល។ នៅពេលសាងសង់អគារបានរួចរាល់ហើយនោះ នឹងធ្វើឱ្យមន្ទីរពេទ្យមានគ្រែកើនឡើងរហូតដល់ទៅ៧៣០គ្រែ និងក្លាយជាមន្ទីរពេទ្យរដ្ឋមួយទំនើប ក្នុងចំណោមមន្ទីរពេទ្យរដ្ឋផ្សេងៗទៀត ពិសេសជួយក្នុងការសម្រួលដល់ការសម្រាកព្យាបាលជំងឺ ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាបង្កើនគុណភាពសេវាកម្ម ក្នុងមន្ទីរពេទ្យឱ្យបានកាន់តែល្អប្រសើរមួយកម្រិតថែមទៀត៕ អត្ថបទ ៖ រដ្ឋា









