អត្តពលកម្ម៖ ឯកឧត្តម សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត កាលពីល្ងាចថ្ងៃទី០១ ខែកញ្ញាបាននាំយកកាតាបចំនួន ៨០០ ប្រគល់ដល់អង្គការផ្កាយសមុទ្រដើម្បីរួមចំណែកបម្រើឲ្យការអប់រំក្នុងអង្គការ ពិសេសឯកឧត្តមចង់លើទឹកចិត្ត និងជំរុញឲ្យកុមារ និងយុវជន-យុវនារីលេងកីឡាតែម្ដង។
ឯកឧត្តមបានបញ្ជាក់ថា កម្មវិធីសប្បុរសធម៌នេះអាចដំណើរការបាន ដោយមានការឧបត្ថម្ភសម្ភារៈពីផលិតផល STARBALM ស្របតាមចក្ខុវិស័យរបស់ខ្លួន ដែលចង់លើកកម្ពស់វិស័យអប់រំដល់កុមារកំព្រា និងចង់ឲ្យពួកគេចូលរួមលេងកីឡាឲ្យបានច្រើនដើម្បីសុខភាព បញ្ញាស្មារតី ដូចអ្វីដែលអង្គការផ្កាយសមុទ្រធ្លាប់បានអនុវត្តជារឿយៗកន្លងមក ហើយអាចវិវឌ្ឍន៍ខ្លួនទៅជាអត្តពលិកតំណាងជាតិ និងដណ្ដើមមេដាយជូនជាតិថែមទៀតផង។
ទន្ទឹមជាមួយគ្នា លោកស្រី ជួប វិច្ឆិកា នាយិកាអង្គការផ្កាយសមុទ្រ បានថ្លែងអំណរគុណចំពោះប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្រ ដែលតែងជួយគាំទ្រដល់អង្គការជាបន្តបន្ទាប់ ពិសេសលើកនេះបានផ្ដល់នូវកាតាបស្តាបាំ ចំនួន ៨០០ សម្រាប់ចែកជូនដល់បុគ្គលិក និងសិស្សានុសិស្សរបស់អង្គការទាំងអស់ ដែលជួយសន្សំសំចៃថវិការបស់អង្គការមួយផ្នែក ដែលត្រូវចំណាយលើការទិញសម្ភារៈជូនដល់កូនសិស្សទាំងអស់ ជារៀងរាល់ឆ្នាំផងដែរ៕
អត្ថបទ៖ លី ឈុនឡា