ភ្នំពេញ៖ ស្របពេលយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដបានកំពុងដំណើរការ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានក្រើនរម្លឹកដល់មន្ត្រីរាជការ និងបុគ្គលិកក្រោមឱវាទថា ទោះបីជាបានទទួលវ៉ាក់សាំងរួចហើយក្តី ក៏គួរតែបន្តអនុវត្តវិធានការ ៣កុំ និង៣ការពារ ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ នៅក្នុងសហគមន៍ និងក្នុងប្រទេស។
ក្នុងឱកាសចុះពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សម្រាប់បុគ្គលិក មន្ត្រីរាជការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីព្រឹកថ្ងៃទី៥ មេសា ឆ្នាំ២០២១នេះ ឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង បានមានប្រសាសន៍ថា វ៉ាក់សាំងកូវីដ១៩ ជាឧបករណ៍ថ្មីមួយបន្ថែមលើវិធានការសុខាភិបាលដែលមានស្រាប់ សម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺនេះនិងសង្គ្រោះជីវិតមនុស្សដែលជួយបុគ្គលមិនឲ្យឈឺធ្ងន់ធ្ងរនៅពេលឆ្លងជំងឺកូវីដ១៩ និងកាត់បន្ថយការព្យាបាលនៅមន្ទីរពេទ្យ។ វ៉ាក់សាំងកូវីដ១៩ ដែលកំពុងប្រើប្រាស់នៅកម្ពុជា ជាវ៉ាក់សាំងដែលបានធ្វើតេស្តពីសុវត្ថិភាព និងប្រសិទ្ធភាពម៉ត់ចត់ និងកំពុងប្រើប្រាស់នៅតាមបណ្តាប្រទេសនានាក្នុងតំបន់ និងក្នុងពិភពលោក ដែលបណ្តាប្រទេសមួយចំនួន បាននិងកំពុងដំណើរការចាក់បានរាប់សិបលាននាក់ទៅហើយ។
ឯកឧត្តម បានបញ្ជាក់ថា តបតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល បានចាត់តាំងឲ្យគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ សហការជាមួយ ក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ឲ្យបើកយុទ្ធនាការចាក់វ៉ាក់សាំងជាលក្ខណៈទ្រុងទ្រាយធំទូទាំងប្រទេស ដោយពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើងទៅ ដែលស្ថិតក្នុងក្រុមអាទិភាពនៃការចាក់វ៉ាក់សាំង ចូលរួមទទួលវ៉ាក់សាំងដោយស្ម័គ្រចិត្ត ដើម្បីការពារខ្លួននិងក្រុមគ្រួសារ កុំឲ្យឆ្លងកូវីដ១៩។
សូមបញ្ជាក់ថា សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន បានចាត់តាំងឲ្យគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ សហការជាមួយក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ឲ្យបើកយុទ្ធនាការចាក់វ៉ាក់សាំង ជាលក្ខណៈទ្រុងទ្រាយធំទូទាំងប្រទេស ដោយពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ដែលស្ថិតក្នុងក្រុមអាទិភាព នៃការចាក់វ៉ាក់សាំងចូលរួមទទួលវ៉ាក់សាំង ដោយស្ម័គ្រចិត្ត ដើម្បីការពារខ្លួន និងក្រុមគ្រួសារកុំឲ្យឆ្លងកូវីដ១៩។ នៅក្នុងយុទ្ធនាការនេះ ក្រុមការងាររបស់ក្រសួងសុខាភិបាល បានត្រៀមចាក់វ៉ាក់សាំងដល់ក្រុមអាទិភាពជាង ៧៤ម៉ឺននាក់ សម្រាប់ដូសទី១ នៃវ៉ាក់សាំងស៊ីណូវ៉ាក់ ដោយចាប់ផ្ដើម នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១៕ អត្ថបទ៖ ឈិត បូរ៉ាវី