អ៊ុយក្រែន៖ ក្រុមអធិការកិច្ចអង្គការសហប្រជាជាតិ បានទៅដល់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅប្រទេសអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ ក្នុងបេសកកម្មដើម្បីការពាររោងចក្រពីគ្រោះមហន្តរាយ ដោយបានទៅដល់ទីតាំងនោះក្នុងពេលមានការប្រយុទ្ធគ្នារវាងកងកម្លាំងរុស្ស៊ី និងអ៊ុយក្រែន ដែលបានជំរុញឱ្យមានការបិទម៉ាស៊ីនរ៉េអាក់ទ័រមួយ និងបានបញ្ជាក់ពីកិច្ចការត្រួតពិនិត្យបន្ទាន់។

លោក Rafael Grossi អគ្គនាយកទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិបាននិយាយថា ក្រុមការងាររបស់លោកបានបញ្ចប់ដំណើរត្រួតពិនិត្យលើកដំបូងនៅរោងចក្រនុយក្លេអ៊ែរ ហើយនឹងបង្កើតវត្តមានបន្តនៅទីនេះ។ ដំណើរចុះត្រួតពិនិត្យរបស់គណៈប្រតិភូអ្នកជំនាញចំនួន 14រូបមកពីទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ បានធ្វើឡើងបន្ទាប់ពីការចរចាជាច្រើនខែដើម្បីឆ្លងកាត់ជួរមុខ និងចូលមកខាងក្នុងរោងចក្រនុយក្លេអ៊ែរធំបំផុតរបស់អឺរ៉ុប។ លោក Grossi បានរាយការណ៍ថា ក្រុមការងាររបស់លោកបានប្រមូលព័ត៌មានសំខាន់ៗ អំពីដំណើរចុះត្រួតពិនិត្យដំបូងរបស់ខ្លួននៅរោងចក្រ ហើយនឹងបន្តការវាយតម្លៃរបស់ខ្លួន។
លោកនិយាយនៅក្នុងវីដេអូនៅលើបណ្តាញសង្គម Twitter ថា ក្រុមការងាររបស់លោកនឹងស្នាក់នៅបន្ត ហើយសំខាន់ជាងនេះទៅទៀតយើងកំពុងបង្កើតវត្តមានបន្តនៅរោងចក្រ Zaporizhzhia ដោយក្រុមទីភ្នាក់ងារ IAEA។ រោងចក្រនុយក្លេអ៊ែរ Zaporizhzhia ត្រូវបានចូលកាន់កាប់ដោយកងកម្លាំងរុស្ស៊ី ប៉ុន្តែគ្រប់គ្រងដោយវិស្វករអ៊ុយក្រែនចាប់តាំងពីដើមដំបូងនៃសង្គ្រាមរយៈពេល 6ខែមកនេះ។ អ៊ុយក្រែនបានចោទរុស្ស៊ីថា កំពុងប្រើរោងចក្រនេះជាខែលដើម្បីវាយប្រហារ ខណៈទីក្រុងមូស្គូចោទអ៊ុយក្រែនថា បានបាញ់ដោយមិនប្រុងប្រយ័ត្នមកលើតំបន់រោងចក្រ៕
អត្ថបទ៖ ប៊ុនថន