ភ្នំពេញ៖ គម្រោងឧស្សាកម្មបៃតង (Green Industry) កំពុងជម្រុញការអភិវឌ្ឍខ្សែច្រវ៉ាក់ផលិតកម្មក្នុងវិស័យឧស្សាហកម្ម រោងចក្រ សហគ្រាស ក្នុងកិច្ចដំណើរផ្លាស់ប្តូរឥរិយាបទដំណើរធុរកិច្ច ការគិតគូរដល់ផ្នែកសេដ្ឋកិច្ច បរិស្ថាន និងសង្គម ព្រមទាំងជួយលើកស្ទួយដល់វិស័យឧស្សាហកម្មនៅកម្ពុជាឱ្យអភិវឌ្ឍន៍ឈានមុខ និងប្រកបដោយនិរន្តភាព។
ឯកឧត្តមបណ្ឌិត ទឹង ស៊ីនី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើង នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២នេះថា គម្រោងឧស្សាហកម្មបៃតងបង្កើតឡើងសម្រាប់ជួយគាំទ្រ និងលើកទឹកចិត្តដល់ឧស្សាហកម្ម រោងចក្រ សហគ្រាស ឲ្យអនុវត្តគោលការណ៍ សកម្មភាពបៃតងដូចជា ការកាត់បន្ថយការប្រើប្រាស់វត្ថុធាតុដើម ទឹក ថាមពល និងកាកសំណល់។ គម្រោងនេះ បានជួយលើកកម្ពស់ដល់កិច្ចដំណើរការផលិតកម្ម និងការប្រកួតប្រជែងនៅក្នុងខ្សែច្រវ៉ាក់ផលិតកម្មរបស់ខ្លួន។
ឯកឧត្តម បន្តថា ការអនុវត្តគម្រោងឧស្សាហកម្មបៃតង ពិតជាមានសារៈសំខាន់ណាស់ ជាពិសេសការកាត់បន្ថយការបំពុល ការប៉ះពាល់ដល់សេដ្ឋកិច្ច បរិស្ថាន និងជាដាស់តឿន ដល់រោងចក្រ សហគ្រាស ចូលរួមជាមួយសកម្មភាពសង្គម។
នៅក្នុងរយៈពេលកន្លងមក ចំពោះរោងចក្រ សហគ្រាស ដែលបានចូលរួម គឺទទួលបានជោគជ័យក្នុងកិច្ចដំណើរការខ្សែច្រវ៉ាកផលិតកម្មយ៉ាងខ្លាំងក្លា ក្នុងនោះសម្រាប់ជំហានបន្ទាប់ ក្រសួងនឹងរៀបចំឲ្យមានការប្រកួតប្រជែងឧស្សាកម្មបៃតង នៅចុងឆ្នាំ ២០២២ នេះបន្តទៀត ដើម្បីលើកកម្ពស់ដល់កិច្ចដំណើរការនៅក្នុងវិស័យឧស្សាហកម្ម រោងចក្រ សហគ្រាសក្នុងព្រះរាជាណាចក្រកម្ពុជា។
នៅចុងឆ្នាំ២០២២ នេះ ក្រសួង គ្រោងលើកយកគម្រោងថ្មីៗបន្តទៀត ដើម្បីការប្រកួតប្រជែងឧស្សាហកម្មបៃតង សម្រាប់ឧស្សាហកម្ម រោងចក្រ សហគ្រាស៕ អត្ថបទ៖ សុន រ៉ាឌី