ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ក្នុងនាមជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២នេះ បានដឹកនាំប្រជុំ ដើម្បីពិភាក្សា សេចក្តីព្រាងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងអាស៊ាន អូស្ត្រាលី និងនូវែលសេឡង់។
រដ្ឋាភិបាលកម្ពុជា សង្ឃឹមថា សេចក្តីព្រាងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងអាស៊ាន អូស្ត្រាលី និងនូវែលសេឡង់ នឹងត្រូវបញ្ចប់តាមពេលវេលាកំណត់ ដែលជាសមិទ្ធផលអាទិភាពសេដ្ឋកិច្ចមួយ ក្នុងចំណោមសមិទ្ធផលអាទិភាពសេដ្ឋកិច្ចទាំងឡាយដែលកម្ពុជាបានលើកឡើង ក្រោមភាពជាប្រធានអាស៊ានប្តូរវេនស្ថិតក្រោមសសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន។
នេះជាការលើកឡើងរបស់ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន (AEM Chair) ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន (ASEAN Economic Ministers’ Special Meeting) តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី១ ខែកញ្ញា ដោយមានការអញ្ជើញចូលរួមដោយបណ្តារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន គណៈប្រតិភូនៃប្រទេសសមាជិកអាស៊ាន អគ្គលេខាធិការអាស៊ាន ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអាស៊ាន។
ប្រភពពីក្រសួងពាណិជ្ជកម្ម នៅក្រោយចប់កិច្ចប្រជុំ បានឱ្យដឹងថា សមាជិកអង្គប្រជុំទាំងអស់ បានចូលរួមផ្លាស់ប្តូរមតិយោបល់យ៉ាងសកម្ម និងផ្តល់ការណែនាំកម្រិតគោលនយោបាយដល់មន្ត្រីជំនាញចរចារ ដោយធ្វើយ៉ាងណា បង្ហាញនូវភាពបត់បែន ក្នុងការដោះស្រាយបញ្ហាដែលនៅសេសសល់។
នៅក្នុងកិច្ចប្រជុំខាងលើនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះបណ្តារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានទាំងអស់ អគ្គលេខាធិការអាស៊ាន និងគណៈប្រតិភូសមាជិកអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន ដែលតែងតែផ្តល់នូវការគាំទ្រដល់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានប្តូរវេនសម្រាប់ឆ្នាំ២០២២ ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន។
កិច្ចប្រជុំពិសេសនាពេលនេះ មានគោលបំណងដើម្បីពិនិត្យ និងផ្តល់អនុសាសន៍ណែនាំដល់ភាគីចរចារដំឡើងកម្រិតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ ឱ្យបញ្ចប់តាមពេលវេលាដែលបានកំណត់៕អត្ថបទ៖ ឈិត បូរ៉ាវី