ភ្នំពេញ៖ ជាថ្មីម្តងទៀតតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានបញ្ជាក់ថា ការចាក់វ៉ាក់សាំង នៅតែមានសារសំខាន់ ខណៈជំងឺកូវីដ-១៩ នៅតែបន្តឆ្លងរីករាលដាលជាសកល។
ក្នុងកិច្ចសម្ភាសន៍ជាមួយ BTV នៅពេលថ្មីៗនេះលោកជំទាវវេជ្ជបណ្ឌិត លី អាយ លែន តំណាងអង្គការសុខភាពពិភពលោក បានបញ្ជាក់ថា បច្ចុប្បន្ន ការឆ្លងជំងឺកូវីដ-១៩ ជាសកល មិន ទាន់ចប់នៅឡើយនោះទេ គឺមានករណីឆ្លងកើនឡើងជារៀងរាល់ថ្ងៃ ហើយការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតែជាយុទ្ធសាស្រ្តមួយដ៏មានសារសំខាន់ ដើម្បីគ្រប់គ្រងការឆ្លងរីករាលដាលជំងឺនេះ និងធានានិរន្តរភាព ការបើកដំណើរការសេដ្ឋកិច្ច និងសង្គមឡើងវិញ។
លោកជំទាវ បានបញ្ជាក់ថា រាល់វ៉ាក់សាំងទាំងអស់ ដែលបានចុះបញ្ជីប្រើប្រាស់ជាបន្ទាន់ជាមួយ អង្គការសុខភាពពិភពលោក គឺនៅតែមានប្រសិទ្ធភាពសម្រាប់ការពារអាយុជីវិត កាត់បន្ថយភាពឈឺធ្ងន់ធ្ងរ និងអាត្រាមរណភាព។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានបញ្ជាក់បន្ថែមថា អ្នកចាក់វ៉ាក់សាំងកូវីដ-១៩រួចហើយ នៅតែឆ្លងជំងឺ ប៉ុន្តែអ្នកចាក់វ៉ាក់សាំងរួច មានអង់ទីគ័រទប់ទល់នឹងការវាយលុក របស់ជំងឺកូវីដ-១៩ កាត់បន្ថយការសម្រាកព្យាលបាលនៅមន្ទីរពេទ្យ និងអត្រាមរណភាព។
លោកជំទាវ បានរម្លឹកដល់ពលរដ្ឋ ដែលដល់វេនត្រូវចាក់វ៉ាក់សាំងដូសជំរុញ ត្រូវរួសរាន់ទៅទទួល ការចាក់វ៉ាក់សាំងគ្រប់ៗគ្នា ដើម្បីធានានិរន្តរភាពការបើកដំណើរការសេដ្ឋកិច្ច និងសង្គមតាមបែបគន្លងថ្មី ជាមួយវត្តមានជំងឺកូវីដ។
ក្រោមការដឹកនាំប្រកបដោយគគិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីកម្ពុជា បាន សម្រេចចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋជាគោលដៅអាទិភាព និងជនបរទេស ដែលកំពុងស្នាក់នៅបម្រើការងារ និងធ្វើធុរកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដោយអនុវត្ត តាមយុទ្ធសាស្រ្តផ្ការីក ដែលចាប់ផ្តើមចេញពីរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ ខេត្តកោះកុង រួចបន្តពេញផ្ទៃប្រទេស រហូតសព្វថ្ងៃ ធ្វើឲ្យប្រទេសកម្ពុជាដំណើរការសេដ្ឋកិច្ច សង្គមធម្មតា៕អត្ថបទ៖ ទូច សោភ័ណ