ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមេសានេះ ក្រុមប្រតិបត្តិការរុករកគ្រាប់អាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក របស់ក្រសួងការពារជាតិ បានបំផ្ទុះចោលនូវគ្រាប់អាវុធតូចធំជាង១០%ក្នុងគ្រាប់អាវុធតូចធំប្រមាណ១៥តោន ដែលក្រុមប្រតិបត្តិការ បានមុជទឹកស្រង់ពីក្នុងនាវាចំបាំងដ៏ធំមួយដែលគូបដិបក្សក្នុងសម័យលន់ណុល បាញ់ពន្លិចក្នុងទន្លេមេគង្គ នៅត្រង់ចំណុចភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរខេត្តកំពង់ចាមកាលពីអំឡុង៤០ឆ្នាំមុន។
បើតាមឧត្តមសេនីយ៍ឯក ផល សាម៉ន អគ្គនាយករងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកម្លាំងរក្សាសនិ្តភាពបោសសម្អាត និងកាកសំណល់សង្គ្រាម បានថ្លែងមកដល់ពេលនេះ ក្រុមប្រតិបត្តិការមុជទឹកបានចុះស្រង់គ្រាប់អាវុធតូចធំពីចេញនាវាចំបាំងលិចកាលពី៤០ឆ្នាំមុនបានចំនួនជិត១៥តោន ហើយនៅសល់គ្រាប់តិចតួចទៀត ដែលយើងគ្រោងនឹងរាវស្រង់អោយអស់នៅក្នុងថ្ងៃទី០៧ ខែមេសាខាងមុខនេះ។
ឯកឧត្ដមឧត្តមសេនីយ៍ឯកបន្តថា សម្រាប់គ្រាប់អាវុធតូចធំដែលយើងមុជទឹកស្រង់បានជិត១៥តោន នៅថ្ងៃនេះយើងបានបំផ្ទុះចោលប្រមាណ១០% ហើយនៅសល់គ្រាប់ជាង៩០%ទៀត យើងនឹងយកទៅបន្សាប ពុះកាត់ជ្រៀក យកទៅរក្សាទុកក្នុងសារមន្ទីរ ដែលយើងនឹងសាងសង់នៅពេលខាងមុខនេះ។
ឧត្តមសេនីយឯក ផល សាម៉ន បញ្ជាក់ថា សម្រាប់គ្រាប់អាវុធតូចធំ១០%ដែលយើងបានកម្ទិចចោលនៅពេលនេះ គឺជាគ្រាប់ពុកផុយ ដែលអាចរក្សាទុកបាន មានដូចជា គ្រាប់កាំភ្លើងដៃ គ្រាប់ត្បាល់ និងគ្រាប់ផ្លោង ជាដើម។
បើតាមការបញ្ជាក់ពី វរៈសេនីយ៍ឯក អៀម វ៉ាន់ អនុប្រធានក្រុមប្រតិបត្តិការរុករកគ្រាប់អាវុធយុទ្ធភណ្ឌ ក្រោមទឹក បានអោយដឹងថា បន្ទាប់ពីការកម្ទិចគ្រាប់អាវុធនេះនេះ នៅថ្ងៃទី ៧ ខែមេសាខាងមុខនេះដែរ ក្រុមប្រតិបត្តិការរុករកគ្រាប់អាវុធយុទ្ធភណ្ឌ ក្រោមទឹក នឹងធ្វើការស្រង់នាវាចំបាំងដ៏ធំនេះចេញពីបាតទន្លេមេគង្គ ដែលការស្រង់នោះនឹងប្រារព្ធក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
សូមបញ្ជាក់ថា តាមផែនការគ្រោងទុក បន្ទាប់ពីការស្រង់អាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងនាវាចំបាំងនេះបានបិទបញ្ចប់ទៅ ក្រុមកាងារអន្តរក្រសួង បន្តបើកប្រតិបត្តិការចុះស្រង់នាវាចម្លងឬហៅថា នាវាប្លង់តុងដឹកគ្រាប់អាវុធយុទ្ធភ័ណ្ឌចំណុះជាង៨០០តោន ដែលកងកម្លាំងគូបដិបក្ស ក្នុងសម័យសង្គ្រាមលន់ណុលបាញ់ពន្លិចក្នុងទន្លេមេគង្គត្រង់ចំណុចឃុំបឹងគ្រុំ ស្រុកលា្វឯម ខេត្តកណ្តាលកាលពីអំឡុង៤០ឆ្នាំមុនដែរ។
នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ ធ្លាប់បានអោយដឹងថា បន្ទាប់ពីមានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បច្ចុប្បន្នក្រុមការងារអន្តរក្រសួងបានបន្តសិក្សាស្រាវជ្រាវរកគ្រាប់យុទ្ធភណ្ឌដែលលិចជាមួយនាវាចម្បាំង កាលពីកំលុងសម័យសង្គ្រាមស៊ីវិលចំនួន៣ទៀតទីតាំងធំៗ រួមមាន៖
ទីតាំងទី១៖ ស្ថិតនោភូមិរកាកោងមួយ ឃុំព្រែកដំបង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាប្រភេទទូកលបុកចាយដឹកសម្ភារសឹក និងគ្រាប់យុទ្ធភណ្ឌរបស់ទាហាន លន់ ណុល ដែលបានលិចនៅកំលុងឆ្នាំ១៩៧២។
ទីតាំងទី២៖ ស្ថិតនៅភូមិបឹងក្អែក ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង ផ្ទុកសម្ភារសឹក និងគ្រាប់យុទ្ធភណ្ឌរបស់កងទ័ព លន់ ណុល ចំណុះប្រមាណ១០០០តោន។
និងទីតាំងទី៣៖ ស្ថិតនៅភូមិពាមរាំង ឃុំកោះចេក ស្រុកពាមរក៍ ខេត្តព្រៃវែង ជាប្រភេទនាវាចម្បាំងចំណុះប្រមាណ១០០០តោន ត្រូវបានបាញ់ឆេះ និងផ្ទុះលិច ក្នុងកំលុងសង្គ្រាមឆ្នាំ១៩៧២ ដល់១៩៧៣៕ អត្ថបទ៖ ស៊ុម សុខជា