អ៊ីរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់និយាយថា ខ្លួនបានបញ្ជូនការឆ្លើយតបទៅកាន់សំណើរបស់អាមេរិក ដែលមានបំណងស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ឆ្នាំ2015 ជាមួយមហាអំណាចពិភពលោក ដោយជំរុញឲ្យមានការរំពឹងទុកជាវិជ្ជមានតិចតួចពីសហរដ្ឋអាមេរិក។

នៅថ្ងៃសុក្រនេះប្រព័ន្ធផ្សព្វផ្សាយរដ្ឋ IRIB បានដកស្រង់សម្ដីរបស់លោក Nasser Kanaani អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ដោយនិយាយថា អត្ថបទដែលត្រូវបានបញ្ជូនដោយអ៊ីរ៉ង់មានមធ្យោបាយប្រកបដោយការស្ថាបនា ដែលមានគោលបំណងសម្រេចជាលើកចុងក្រោយស្ដីពីការចរចា។ ប៉ុន្តែក្រសួងការបរទេសអាមេរិកបានផ្ដល់ការវិនិច្ឆ័យខុសគ្នា។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបាននិយាយថា យើងអាចបញ្ជាក់បានថា យើងបានទទួលការឆ្លើយតបរបស់អ៊ីរ៉ង់តាមរយៈសហភាពអឺរ៉ុប។ យើងកំពុងសិក្សា ហើយយើងនឹងឆ្លើយតបវិញតាមរយៈសហភាពអឺរ៉ុប ប៉ុន្តែគួរឲ្យស្ដាយវាមិនមែនជាការឆ្លើយតបប្រកបដោយការស្ថាបនាទេ។
សេចក្ដីរាយការណ៍របស់សារព័ត៌មាន IRIB បាននិយាយថា ការឆ្លើយតបរបស់អ៊ីរ៉ង់ត្រូវបានបញ្ជូនទៅកាន់ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបលោក Josep Borrell ដែលកំពុងសម្របសម្រួលការចរចានានា។ ប្រភពដដែលពុំបានផ្ដល់ព័ត៌មានលម្អិតបន្ថែមទៀតទេ៕
អត្ថបទ៖ សុខមាន