កោះតៃវ៉ាន់៖ នាយករដ្ឋមន្ត្រីកោះតៃវ៉ាន់លោក Su Tseng-chang បាននិយាយនៅថ្ងៃសុក្រនេះថា ការបាញ់ទម្លាក់យានដ្រូនពីសំណាក់កោះតៃវ៉ាន់នៅក្បែរតំបន់ឆ្នេរសមុទ្ររបស់ចិន ដែលគ្រប់គ្រងដោយតៃវ៉ាន់គឺជារឿងត្រឹមត្រូវបំផុតបន្ទាប់ពីចេញការព្រមានដដែលៗ ហើយចិនគួរតែរៀនអត់ធ្មត់។
យោធារបស់កោះតៃវ៉ាន់បានបាញ់ទម្លាក់យានដ្រូនស៊ីវិល មិនស្គាល់អត្តសញ្ញាណមួយគ្រឿងជាលើកដំបូង ដែលបានហោះចូលដែនអាកាសរបស់ខ្លួនជិតកូនកោះមួយនៅក្បែរច្រកទីក្រុង Xiamen របស់ចិនកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមេដឹកនាំកោះនេះបានប្ដេជ្ញាចាត់វិធានការម៉ឺងម៉ាត់ ដោះស្រាយការកើនឡើងការបំពារបំពានបែបនេះ។ ឧបទ្ទវហេតុនេះបានកើតមានឡើង បន្ទាប់ពីកោះតៃវ៉ាន់បានត្អូញត្អែរដដែលៗពីសកម្មភាពរំខាន ដោយយានដ្រូនពីប្រទេសចិន និងកំពុងហោះហើរនៅជិតកោះ Kinmen ដែលកំពុងកើតឡើង ខណៈទីក្រុងប៉េកាំងធ្វើសមយុទ្ធយោធាជុំវិញកោះតៃវ៉ាន់។ កងកម្លាំងចិនបានកំពុងធ្វើសមយុទ្ធជិតកោះតៃវ៉ាន់ចាប់តាំងពីដើមខែសីហា ក្រោយដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះនេះដែលធ្វើឲ្យទីក្រុងប៉េកាំងខឹងសម្បារ៕
អត្ថបទ៖ សុខមាន