ស្វាយរៀង៖ លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង បានឱ្យដឹងថា គិតត្រឹមដំណាច់ខែសីហា កសិករនៅទូទាំងខេត្ត សម្រេចផលិតស្រូវរដូវវស្សាបានជាង៨០ភាគរយ នៃផែនការផលិតស្រូវប្រចាំឆ្នាំ១៦៧ពាន់ ៥០០ហិកតា ។
លោកប្រធានមន្ទីរកសិកម្មខេត្តស្វាយរៀង បានឱ្យដឹងថា ស្រុកដែលផលិតស្រូវមានល្បឿនលឿនជាងគេ គឺស្រុកស្វាយជ្រំ សម្រេចបាន ៩៩%ភាគរយ នៃផែនការផលិតស្រូវប្រចាំឆ្នាំ ជាង៣ម៉ឺន ៤ពាន់ ហិកតា ស្រុករមាសហែក សម្រេចបាន៩៦ភាគរយ នៃផែនការផលិតប្រចាំឆ្នាំ ជាង៣ម៉ឺន ២ពាន់ហិកតា ស្រុកស្វាយទាប សម្រេចបាន ៦៥ភាគរយ នៃផែនការផលិតស្រូវប្រចាំឆ្នាំ ជាង២ម៉ឺន ៣ពាន់ហិកតា ឯស្រុក-ក្រុងចំនួន៥ផ្សេងទៀត កសិករ បាននិងកំពុងសម្រុកធ្វើ បន្ទាប់ពីភ្លៀងបានបង្អុររាយប៉ាយ ។
លោក បានបញ្ជាក់បន្ថែមថា ទន្ទឹមនឹងការងារផលិតស្រូវ កសិករដែលមានដីទំនាប និងដីជាប់ប្រព័ន្ធធារាសាស្ត្រ នៅក្នុងស្រុកស្វាយជ្រំ ចន្ទ្រា និងស្រុកកំពង់រោទិ៍ បានធ្វើការប្រមូលផលស្រូវដើមរដូវរួចរាល់ហើយ នៅលើផ្ទៃដីផលិតស្រូវស្រាលដើមរដូវ និងស្រូវបង្កើនរដូវ ជាង ២ម៉ឺនហិកតា ដោយទទួលបានទិន្នផល ក្នុង១ហិកតា ជាង៤តោន ៕ អត្ថបទ៖ ភា សារិត