ភ្នំពេញ៖ កម្ពុជា កំពុងជំរុញបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំតាក់តែងសេចក្តីព្រៀងច្បាប់ស្តីពី "ការគ្រប់គ្រងទំនិញគ្រោះថ្នាក់ " ឲ្យបានឆាប់ៗ ដើម្បីទប់ស្កាត់ឲ្យបានជាអតិបរមា នូវរាល់ការផលិត ការប្រើប្រាស់ ការនាំចូល-នាំចេញ ការដឹកជញ្ជូន និងការស្តុកទំនិញគ្រោះថ្នាក់ ដើម្បីបញ្ចៀសនូវមហន្តរាយដល់មនុស្ស សត្វ បរិស្ថាន និងសេដ្ឋកិច្ច-សង្គម ។
ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងក្នុងកិច្ចប្រជុំ ស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំតាក់តែងសេចក្តីព្រៀងច្បាប់ ស្តីពី "ការគ្រប់គ្រងទំនិញគ្រោះថ្នាក់ " នៅថ្ងៃទី១ ខែ កញ្ញា ឆ្នាំ ២០២២ នេះថា កិច្ចប្រជុំ គឺដើម្បីធ្វើបច្ចុប្បន្នភាពឡើងវិញ នូវសមាសភាពគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំតាក់តែងសេចក្តីព្រៀងច្បាប់ ស្តីពី "ការគ្រប់គ្រងទំនិញគ្រោះថ្នាក់" និងការបង្កើតក្រុមការងារបច្ចេកទេសមួយ ជាសេនាធិការបម្រើឲ្យការងារនេះ អាចលេចចេញជារូបរៀងឲ្យបានឆាប់រហ័ស ទាន់ពេលវេលា សម្រាប់ជាផលប្រយោជន៍ជាតិរួម ។
គណៈកម្មការអន្តរក្រសួងនៅពេលនេះ បានបង្ហាញនូវជំហររួមគ្នា អំពីតម្រូវការចាំបាច់ ក្នុងការបន្តឲ្យមានកំណើនសេដ្ឋកិច្ចជាតិ ការការពារសុខមាលភាព សុវត្ថិភាពសាធារណៈ បរិស្ថាន និងសង្គម ប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ជាពិសេសការគ្រប់គ្រងទំនិញ និងសារធាតុគ្រោះថ្នាក់ ដើម្បីបញ្ចៀសរាល់មហន្តរាយដែលអាចកើតមានឡើងជាយថាហេតុ។
ច្បាប់នេះមានវិសាលភាពក្នុងការត្រួតពិនិត្យ ការផលិត ការប្រើប្រាស់ ការនាំចូល-នាំចេញ ការដឹកជញ្ជូន និងការស្តុកទំនិញគ្រោះថ្នាក់ ដែលអាចបង្កមហន្តរាយដល់មនុស្ស សត្វ បរិស្ថាន និងសន្តិសុខសង្គម ជាពិសេសគឺទប់ស្កាត់ឲ្យបានជាអតិបរមា នៃការផលិតគ្រឿងញៀន ដែលយកចេញពីសារធាតុគីមីផ្សំពីការនាំចូល ជាកត្តាធ្វើឲ្យគ្រោះថ្នាក់ និងមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច សង្គមជាតិទាំងមូល៕ អត្ថបទ៖ សុន រ៉ាឌី