អ៊ុយក្រែន៖ ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បាននិយាយកាលពីថ្ងៃសុក្រថា លោករំពឹងថានឹងបង្កើតរបាយការណ៍ស្តីពីរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅដើមសប្តាហ៍ក្រោយ។
ថ្លែងពីអាកាសយានដ្ឋានក្រុងវីយែនបន្ទាប់ពីវិលត្រលប់មកពីប្រទេសអ៊ុយក្រែនវិញ លោក Rafael Grossi និយាយថា បេសកកម្មរបស់ទីភ្នាក់ងារ IAEA នឹងចេញផ្សាយការរកឃើញចំពោះការវាយតម្លៃភ្លាមៗ ខណៈមានរូបភាពពេញលេញពីស្ថានភាពនៅចុងសប្តាហ៍នេះ ដោយលោកនឹងធ្វើសេចក្តីសង្ខេបជូនដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃអង្គារ។ លោក Grossi និយាយថា អ្នកជំនាញនុយក្លេអ៊ែរ ៦នាក់ក្នុងចំណោមអ្នកជំនាញ ១៤នាក់របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិនៅតែស្ថិតនៅរោងចក្រ Zaporizhzhia ហើយនឹងមានវត្តមានអចិន្ត្រៃយ៍នៅទីនោះ ដោយអ្នកជំនាញរបស់យើង ២នាក់នឹងបន្តការងារនេះ ប៉ុន្តែលោកមិនបានបញ្ជាក់ច្បាស់ថា តើអ្នកជំនាញទាំង ២នាក់នឹងនៅរយៈពេលយូរប៉ុណ្ណានោះទេ។

លោកនិយាយថា សកម្មភាព និងប្រតិបត្តិការសឹកកំពុងកើនឡើងនៅក្នុងតំបន់រោងចក្ររបស់ប្រទេស ហើយនេះធ្វើឲ្យលោកព្រួយបារម្ភខ្លាំង។ ក្រសួងការពារជាតិអង់គ្លេសនិយាយកាលពីថ្ងៃសុក្រថា ការបាញ់ផ្លោងបានបន្តនៅក្នុងតំបន់ក្បែររោងចក្រថាមពល ហើយការិយាល័យប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា ការបាញ់ផ្លោងរបស់រុស្ស៊ីបានបំផ្លាញលំនៅឋាន បំពង់បង្ហូរឧស្ម័ន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតនៅក្នុងទីក្រុង Nikopol៕
អត្ថបទ៖ ប៊ុនថន