អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃសុក្របានសាទរការសម្រេចរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ មកពីក្រុមប្រទេសមហាអំណាចឧស្សាហកម្មទាំងប្រាំពីរ ដើម្បីដាក់កម្រិតលើការទប់តម្លៃប្រេងរបស់រុស្ស៊ី។

លោក Zelenskyy បាននិយាយថា នៅពេលដែលយន្តការនេះត្រូវបានអនុវត្ត វានឹងក្លាយជាចំណុចសំខាន់មួយដើម្បីការពារប្រទេសជឿនលឿន និងទីផ្សារថាមពលពីការឈ្លានពានដោយសង្គ្រាមចម្រុះរបស់រុស្ស៊ី។ លោក Zelenskyy និយាយថា ខ្ញុំរំលឹកអ្នកគ្រប់ពេលថា ការការពារអ៊ុយក្រែនគឺជាការការពារអឺរ៉ុបទាំងអស់ ហើយមិនត្រឹមតែពួកយើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពិភពប្រជាធិបតេយ្យទាំងមូល។ ការសន្យាកាលពីថ្ងៃសុក្ររបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេស G-7 គឺជាបំណងមួយដើម្បីកំណត់ប្រាក់ចំណូលរបស់វិមានក្រឹមឡាំង និងសមត្ថភាពក្នុងការផ្តល់មូលនិធិសង្គ្រាមនៅអ៊ុយក្រែន ខណៈនឹងកាត់បន្ថយផលប៉ះពាល់ដោយសង្គ្រាមលើតម្លៃថាមពល និងអតិផរណា។
ក្រុមរដ្ឋមន្ត្រីបាននិយាយថា ពួកគេនឹងទប់តម្លៃប្រេងហក់ឡើងដោយរារាំងក្រុមហ៊ុនធានារ៉ាប់រង ឬក្រុមហ៊ុនដឹកជញ្ជូនមិនឲ្យជួយរុស្ស៊ីលក់ប្រេងក្នុងតម្លៃលើសពីការកំណត់។ លោក Zelenskyy បានថ្លែងអំណរគុណដល់មេដឹកនាំអឺរ៉ុបសម្រាប់ការគាំទ្ររបស់ពួកគេ និងបានរំលឹកឡើងវិញពីភាពអន្ទះសាក្នុងការចូលជាសមាជិកសហភាពអឺរ៉ុប៕
អត្ថបទ៖ ប៊ុនថន