សៀមរាប៖ ស្ត្រីសកម្មជនរបស់គណបក្សLDP ចំនួន៦នាក់ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ន ពីបទប្រឆាំងអ្នករាជការសាធារណៈ ។
លោក ថេង សំណាង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានឱ្យដឹងថា ស្ត្រី ទាំង៦នាក់ របស់គណបក្ស (LDP) ដែលសមត្ថកិច្ចឃាត់ខ្លួនបាននៅខាងមុខចំការរបស់លោក ខឹម វាសនា នោះត្រូវបានសម្រេចឱ្យឃុំខ្លួន បណ្តោះអាសន្នដាក់នៅពន្ធនាគារ ខេត្តសៀមរាប។លោក បានបញ្ជាក់ថា ការឃាត់ខ្លួនមនុស្សចំនួន៦នាក់ ដែលជាសកម្មជនអ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បានបើករថយន្ត គេចពីបារ៉ាស់ ទី១ រួចទៅបុកបារ៉ាសទី២របស់សមត្ថកិច្ច និងប្រឆាំងសមត្ថកិច្ចកំពុងប្រតិបត្តិការ ករណីនេះ ត្រូវបានតុលាការចោទពីបទ "ប្រឆាំងអ្នករាជការសាធារណៈ តាមមាត្រា៥០៣ និង៥០៥ នៃក្រមព្រហ្មទណ្ឌ។
លោកថា ការឃាត់ខ្លួននេះ ធ្វើឡើងនៅល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅចំណុចប៉ុស្តិ៍ហាមឃាត់មុខ ដីចម្ការម្រេចរបស់លោក ខឹម វាសនា ក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
លោកវរសេនីយ៍ឯក ឡុង សំណាង អធិការស្រុកបន្ទាយស្រី បានប្រាប់ឱ្យដឹងនៅថ្ងៃទី០២ ខែកញ្ញា នេះថា ពិតជាមានការឃាត់មនុស្សចំនួន៦នាក់ ពិតប្រាកដមែន នៅចំណុចប៉ុស្តិ៍ហាមឃាត់មុខដីចម្ការលោកខឹម វាសនា ក្នុងឃុំត្បែងស្រុកបន្ទាយស្រី កាលពីល្ងាចថ្ងៃទី០១ខែកញ្ញា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តសៀមរាប។ បន្ទាប់ពីឃាត់ខ្លួន មនុស្ស ទាំង៦នាក់នាក់ក្នុងនោះមាន៖ ទី១ /ឈ្មោះ ឈិត ស្រីឡាង,។ ទី២ /ឈ្មោះ ថុង ដារ៉ាស៊ី ។ ទី៣/ឈ្មោះ អ៊ី សូជីង។ ទី៤ ឈ្មោះ ជុំ ខុម,។ ទី៥/ ឈ្មោះ ភួង សម្ភស្សបូផា និង ទី៦/ ឈ្មោះ កូវ ឡោ ។ អ្នកទាំង៦នាក់ ត្រូវបានបញ្ជូនមកកាន់ការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។
លោក អធិការស្រុកបន្ទាយស្រី បានបញ្ជាក់ទៀតថា ការឃាត់ខ្លួន គឺមនុស្សស្រីទាំង៦នាក់ បានជិះរថយន្តរួមគ្នាដឹកបន្លែចូលតំបន់ហាមឃាត់ ហើយជននោះបានជិះរថយន្តទៅបុកបារ៉ាស់របស់សមត្ថកិច្ចបាក់អស់២ន្លែង ថែមទៀតផង។
ក្រោយមកបានប្រើហិង្សាមកលើសមត្ថកិច្ចផង ទ្រមទាំងធ្វើការរារាំងក្នុងប្រតិបត្តិការ របស់សមត្ថកិច្ចផង។
ជាមួយគ្នានោះ ពួកគេបានជេរសមត្ថកិច្ចបន្រែមទៀតផង ទើបសមត្ថកិច្ចអនុវត្តវិធានការច្បាប់។ បច្ចុប្បន្ន ស្ត្រី ទាំង៦នាក់ ត្រូវបានលោកលោក ថេង សំណាង ព្រះរាជអាជ្ញារង សាលាដំបូង និង អមសាលាដំបូងខេត្តសៀមរាប ឱ្យសមត្ថកិច្ចនាំខ្លួនដឹកតាមរថយន្តយកទៅដាក់ពន្ធនាគារស្ថិតនៅ ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ជាបណ្តោះអាសន្ន ៕
អត្ថបទ៖ ឈិត សាវី

