ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនជនជាតិថៃ ៤នាក់ និងរឹបអូសគ្រឿងញៀនជាង៤០ គីឡូក្រាម ។
សមត្ថកិច្ច ប្រាប់ឱ្យដឹងនារសៀលថ្ងៃទី៣កញ្ញាថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០៨ និង៣០នាទី កម្លាំងជំនាញ (ក៥) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ បានធ្វើការស៊ើបអង្កេតជាង ១ខែ ដោយសហការពីកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក អ៊ុ សភ្តិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកកិច្ចប្រតិបត្តិការបង្ក្រាប ក្រុមឩក្រិដ្ធជន ជនជាតិថៃ ដឹកជញ្ជូន ជួញដូរគ្រឿងញៀននៅចំណុច ផ្លូវកែវចិន្តា ស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ក្នុងករណីនេះដែរ ជនសង្ស័យបានបើករថយន្តបំបុក និងប្រើអាវុធបាញ់មកលើសមត្ថកិច្ចចំនួន ០៨គ្រាប់ ហើយសមត្ថកិច្ចប្រើសិទ្ធិការពារខ្លួនបាញ់តបតវិញ បណ្តាលឱ្យជនសង្ស័យ ០១នាក់ ស្លាប់ និង ០១នាក់ រងរបួស ។
នាប្រតិបត្តិការនោះ សមត្ថកិច្ចជំនាញ ឃាត់ខ្លួនជនសង្ស័យ៖ ៤នាក់ : ១-ឈ្មោះ នុំ ប៉ាគុន ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិ ថៃ ។ ២-ឈ្មោះ សែប ជីឡែងស៊ុក ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ថៃ ។ ៣-ឈ្មោះ ណា កូ ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិ ថៃ (រងរបួស) មេក្លោងឧក្រិដ្ឋជន និងជាមុខសញ្ញាមានដីកាស្វែងរកចាប់ខ្លួនជាច្រើនករណី ឃាតករ បាញ់សម្លាប់ប៉ូលិសថៃ និងមេក្លោងជួញដូរគ្រឿងញៀននៅថៃទៀតផង។ ៤-ឈ្មោះ NATTHAPONG POLKHAN ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ថៃ (ស្លាប់) ។
វត្ថុតាងដកហូត គ្រឿងញៀនសរុប ៤១ គីឡូ និង៩៣២ ក្រាម កេតាមីន (KETAMINE) ទម្ងន់ ១២ គីឡូ ១៨០ ក្រាមអ៊ិចស្តាស៊ី (MDMA) ទម្ងន់ ២៩ គីឡូ ៧៥២ ក្រាម រថយន្ត ២គ្រឿង អាវុធខ្លី ២ដើម ។
ចំពោះករណីនេះជនសង្ស័យ និងវត្ថុតាងទាំងអស់ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ តារាវុទ្ធី


