ភ្នំពេញ៖ ជនសង្ស័យម្នាក់ជំនាញលួចលេខកូដសម្ងាត់វីងពីអតិថិជនវីង ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន ក្រោយធ្វើសកម្មភាពសម្រេចបានចំនួន៥១លើក ស្មើលុយជាង១៦,០០០ដុល្លារ។ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង២០៖២៥នាទី ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចផ្ទះសំណាក់យីហោ ស្រែល្អ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ សុខ វណ្ណៈ ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិចមពុល ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។
តាមមន្រ្តីជំនាញនៃនាយកដ្ឋាននគរបាល បានឲ្យដឹងថា ក្រោយទទួលពាក្យបណ្តឹងរបស់ធនាគារវីង ប្តឹងពីឈ្មោះ សុខ វណ្ណៈ ភេទប្រុស ដែលតែងតែប្រើប្រាស់សេវាកម្មរបស់ធនាគារវីង ធ្វើជាមធ្យោបាយប្រព្រឹត្តបទល្មើសនានាក្នុងប្រទេសកម្ពុជា ដោយលួចយកលេខកូដសម្ងាត់របស់អតិថិជន ដែលបានប្រើប្រាស់សេវាកម្មវេប្រាក់តាមរយៈធនាគារវីង ចំនួន៥១លើក គិតជាទឹកប្រាក់ចំនួន ជាង១៦០០០ដុល្លារអាមេរិក។
ភ្លាមៗនោះលោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងឈានរហូតដល់ការឃាត់ខ្លួនជនសង្ស័យបានតែម្ដង។
តាមចម្លើយសារភាពរបស់ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើលួចថតយកលេខកូដពីអតិថិនជន ដែលទៅផ្ញើប្រាក់តាមកន្លែងវេប្រាក់ ហើយធ្វើការកែលេខទូរស័ព្ទនៅលើរូបភាពឲ្យដូចនឹងលេខរបស់អតិថិជនអ្នកទទួលប្រាក់ ដើម្បីបន្លំភ្នែកភ្នាក់ងារវីងដែលកំពុងរវល់ មិនបានចុចឆែកលេខ បានចំនួន ៥១លើក ប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ កសាងសំណុំរឿងបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទ៖ កុម្ភៈ




