កំពង់ឆ្នាំង : តាមសំណូមពររបស់ប្រជាពលរដ្ឋ ផ្លូវលំគ្រោះក្រហមជាង៧គីឡូម៉ែត្រ ចេញពីភូមិចុងឈើត្រាចទៅភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ដែលរងការខូចខាតយ៉ាងខ្លាំងនោះ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង បានចាប់ផ្ដើមដំណើរការជួសជុលហើយ ។
ប្រជាពលរដ្ឋនៅក្នុងភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ បានឲ្យដឹងថា : ផ្លូវលំមួយខ្សែខាងលើនេះបានរងការខូចខាតយូរហើយ ដែលធ្វើឱ្យប្រជាពលរដ្ឋជាច្រើនភូមិដែលប្រើប្រាស់ផ្លូវនេះ ជួបការលំបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលពីស្រែចម្ការមកលកើដូរនៅទីផ្សារ ពិសេសទៀតនោះគឺការដឹកជញ្ជូនអ្នកជំងឺនៅតសមភូមិមកកាន់មន្ទីរពេទ្យខេត្ត ។
ប៉ុន្តែក្រោយពីមានសំណូមពរយ៉ាងទទូចពីប្រជាពលរដ្ឋ ដែលបានផ្ដិត មេដៃរាប់រយនាក់ស្នើសុំដល់អាជ្ញាធរស្រុកនិងមន្ទីរជំនាញឲ្យជួយជួសជុលផ្លូវខាងលើនេះ រួមនឹងការគិតគូរយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ការចាប់ផ្ដើមជួសជុលផ្លូវនេះ ក៏បានដំណើរការតាមសំណូមពរ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២នេះហើយ ។
អាជ្ញាធរភូមិកងមាសក៏ដូចជាប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ផ្លូវខាងលើនេះ សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ ឆ្នាំង , លោកអភិបាលស្រុករលាប្អៀរ និងលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ដែលបានបញ្ជូនក្រុមការងារ និងគ្រឿងចក្រចុះមកជួសជុលផ្លូវខាងលើនេះ ដើម្បីជួយសម្រួលចរសចរណ៍ជូនប្រជាពលរដ្ឋ ធ្វើដំណើរដោយងាយស្រួល ទៅតាមសំណូមពរ ក្នុងពេលដែលបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ បានខិតជិតមកដល់ហើយនោះ ៕ ហុង វាស្នា







