កាយសម្ព័ន្ធ៖ កីឡាកាយសម្ព័ន្ធដណ្ដើមបានមេដាយ ៣គ្រឿងបណ្ដោះអាសន្ននៃការប្រកួតកីឡាកាយសម្ព័ន្ធជើងឯកអាស៊ីលើកទី៧ (7th AEROBIC GYMNASTICS ASIAN CHAMPIONSHIPS) នៅប្រទេសថៃគិតត្រឹមថ្ងៃទី០៤ ខែកញ្ញាម្សិលមិញ។ នេះបើតាមការបញ្ជាក់របស់លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា និងប្រធានប្រតិភូកីឡាកាយសម្ព័ន្ធកម្ពុជា។

សមិទ្ធផលដែលក្រុមអត្តពលិកកាយសម្ព័ន្ធកម្ពុជា ធ្វើបានក្នុងការប្រកួតជើងឯកអាស៊ីនេះរួមមានមេដាយប្រាក់ ២ និងសំរឹទ្ធ ១ ដែលដណ្ដើមបានលើ ៣វិញ្ញាសាផ្សេងគ្នាក្នុងនោះកីឡាករ ស្រ៊ាន វួចទ្រី និងកីឡាការិនី ឈួន ស្រីនាត ដណ្ដើមបានមេដាយប្រាក់ ១ លើវិញ្ញាសាគូបុរស-នារី ខណៈមេដាយប្រាក់ ១ ទៀតដណ្ដើមបានលើវិញ្ញាសាក្រុមនារី គឺមានកីឡាការិនី ឌឹម អ៊នធីតា, ណេម សុខហេង, ស៊ីវ ចន្ថា, សួស ស្រីពៅ និងកីឡាការិនី ឈួន សុវណ្ណបញ្ញា។
ចំណែកមេដាយសំរឹទ្ធ ១គ្រឿងដណ្ដើមបានលើវិញ្ញាសាទ្រីយ៉ូដោយកីឡាករ ស្រ៊ាន វួចទ្រី, កីឡាការិនី ឈួន ស្រីនាត និងកីឡាការិន ច្រឹង ចាន់ត្រា។

លោក ណយ ផាណា បានបញ្ជាក់ថា មេដាយទទួលបាននេះគឺដណ្ដើមបានដោយក្រុមកីឡាករ-កីឡាការិនីអាយុក្រោម ១៥ឆ្នាំ និងអាយុក្រោម ១៨ឆ្នាំ ហើយមានកីឡាការិនីអាយុក្រោម ១៨ឆ្នាំម្នាក់ត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី០៥ ខែកញ្ញានេះ ជាមួយក្រុមកីឡាករ-កីឡាការិនីអាយុលើស ១៨ឆ្នាំផ្សេងទៀតដែលឆ្លងផុតការប្រកួតវគ្គជម្រុះ កាលពីម្សិលមិញ។ តាមរយៈការប្រកួតនេះ សហព័ន្ធបានចាត់ទុកជាបេសកកម្មដ៏សំខាន់មួយ សម្រាប់កីឡាករ-កីឡាការិនីកាយសម្ព័ន្ធកម្ពុជាក្នុងការវាស់ស្ទង់ និងពង្រឹងសមត្ថភាពបន្ថែមតាមរយៈការប្រកួតលក្ខណៈអន្ដរជាតិធំៗ ជាក់ស្ដែងការប្រកួតជើងឯកអាស៊ីនេះជាដើម ដើម្បីត្រៀមឆ្ពោះទៅព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានាឆ្នាំ២០២៣៕
អត្ថបទ៖ លី ឈុនឡា