សាធារណរដ្ឋឆែក៖ ក្រុមអ្នកតវ៉ារាប់ម៉ឺននាក់មកពីគ្រប់និន្នាការនយោបាយ បានតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលសាធារណរដ្ឋឆែក សហភាពអឺរ៉ុប និងសម្ព័ន្ធយោធា NATO កាលពីថ្ងៃសៅរ៍។

មនុស្សប្រមាណ ៧ម៉ឺននាក់បានចេញតវ៉ាតាមដងផ្លូវនានានៃរដ្ឋធានីប្រាក់ (Prague) ដោយអំពាវនាវដល់ក្រុមចម្រុះកំពុងកាន់អំណាចឲ្យទប់ការឡើងថ្លៃថាមពល ខណៈបង្ហាញការជំទាស់របស់ពួកគេចំពោះសហភាពអឺរ៉ុប និងអង្គការNATO។ ក្រុមអ្នកតវ៉ាមកពីគ្រប់និន្នាការនយោបាយបាននិយាយថា ប្រទេសនៅអឺរ៉ុបកណ្ដាលមួយនេះគួរតែនៅជាអព្យាក្រឹត្យខាងយោធា និងរក្សាការនាំចូលឧស្ម័នពីរុស្ស៊ី។
ក្រុមបាតុករបានទាមទារឲ្យមានការលាលែងពីតំណែង របស់រដ្ឋាភិបាលចម្រុះបច្ចុប្បន្នដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រីអភិរក្សនិយម Petr Fiala។ ពួកគេរិះគន់លើបញ្ហាជាច្រើន រួមទាំងគោលនយោបាយនានាដែលតម្រង់ទិសដោយលោកខាងលិច។ ពួកគេក៏បានថ្កោលទោសរដ្ឋាភិបាលនេះផងដែរ ចំពោះការគាំទ្រដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីជុំវិញសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន និងបានចោទប្រកាន់ប្រទេសនេះថា មិនអាចទប់ស្កាត់ការហក់ឡើងថ្លៃថាមពលបាន៕
អត្ថបទ៖ សុខមាន