តេក្វាន់ដូ៖ ខេមរៈសហព័ន្ធតេក្វាន់ដូ WT កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញបានរៀបចំកម្មវិធីអបអរសាទរទិវាតេក្វាន់ដូ ឬ Teakwondo Day នៅពហុកីឡដ្ឋានជាតិ ដោយមានសិស្សគុនមកពីបណ្ដាក្លិបសមាជិកសហព័ន្ធក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅសរុប ១៦៣នាក់ចូលរួម។
លោកបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា ការជួបជុំសិស្សគុនតេក្វាន់ដូ WT នេះគឺស្របពេលពិភពលោកបានរៀបចំកម្មវិធី Teakwondo Day ដើម្បីរំលឹកពីគុណតម្លៃកីឡាតេក្វាន់ដូ ដែលជាប្រភេទកីឡាអូឡាំពិក និងការហាត់ប្រាណសម័យថ្មីដល់ប្រជាពលរដ្ឋ ពិសេសកីឡាករ-កីឡាការិនីប្រមាណ ៨លាននាក់ដែលកំពុងប្រកបអាជីពកីឡានេះនៅ ២០០ប្រទេស។ លោក ឆយ យ៉ុងសុក តំណាងឲ្យបណ្ឌិត្យសភាតេក្វាន់ដូកម្ពុជាបានឲ្យដឹងថា កម្មវិធីនេះតែងរៀបចំរៀងរាល់ឆ្នាំនៅទូទាំងពិភពលោក ដោយមានសិស្សគុនរាប់លាននាក់ចូលរួមដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ពីការលេងកីឡាដើម្បីសុខភាព ក៏ដូចជាបង្កើនភាពរហ័សរហួនផង និងជំរុញការអភិវឌ្ឍប្រភេទកីឡាអូឡាំពិកនេះឲ្យកាន់តែរីកចម្រើនផងដែរ កម្ពុជាក្នុងនាមសមាជិកសហព័ន្ធតេក្វាន់ដូ WT អន្ដរជាតិ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធក៏តែងរៀបចំជារឿយៗផងដែរ៕
អត្ថបទ៖ លី ឈុនឡា