ប៉ាគីស្ថាន៖ ទីភ្នាក់ងារមនុស្សធម៌បានព្រមានថា ប្រទេសប៉ាគីស្ថានត្រូវការជំនួយរយៈពេលវែង ខណៈកំណើនអ្នកស្លាប់ដោយសារទឹកជំនន់ដ៏មហន្តរាយនៅតែបន្តកើនឡើង។ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ប្រទេសបានរាយការណ៍ថា ចំនួនអ្នកស្លាប់សរុបចាប់តាំងពីថ្ងៃទី១៤ ខែមិថុនាបានកើនឡើងដល់ ១,២៨២នាក់គិតត្រឹមថ្ងៃសៅរ៍ ហើយជិតមួយភាគបីនៃជនរងគ្រោះគឺជាកុមារ។

កាលពីថ្ងៃសៅរ៍តែមួយថ្ងៃមានអ្នកស្លាប់ចំនួន ៥៧នាក់បន្ថែមទៀតក្នុងនោះ ២៥នាក់ជាកុមារ។ ទីភ្នាក់ងារផ្តល់ជំនួយបានព្រមានថា វិបត្តិរបស់ប្រទេសនេះគឺនៅវែងឆ្ងាយ ហើយនៅពេលដែលគ្រោះមហន្តរាយនៅតែបន្តកើតមាន កុមារនឹងស្ថិតក្នុងចំណោមអ្នកដែលងាយរងគ្រោះបំផុត។ ទឹកជំនន់ដែលបណ្តាលមកពីទឹកភ្លៀងមូសុង និងផ្ទាំងទឹកកករលាយនៅក្នុងតំបន់ភ្នំភាគខាងជើងប្រទេសប៉ាគីស្ថាន ត្រូវបានចាត់ទុកថាមហន្តរាយធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន។ យោងតាមរូបភាពផ្កាយរណបពីទីភ្នាក់ងារអវកាសអឺរ៉ុប រដ្ឋាភិបាល និងអង្គការផ្តល់ជំនួយបាននិយាយថា មនុស្សជាង ៣៣លាននាក់បានរងផលប៉ះពាល់ ហើយច្រើនជាងមួយភាគបីនៃប្រទេសនេះបានជន់លិចដោយទឹកជំនន់។
យោងតាមអង្គការយូនីសេហ្វបាននិយាយថា ក្នុងចំណោមជនរងគ្រោះ កុមារច្រើនជាង ៣លាននាក់កំពុងត្រូវការជំនួយមនុស្សធម៌បន្ទាន់ ដោយសារហានិភ័យនៃជំងឺបង្កឡើងដោយទឹកជំនន់ ការលង់ទឹក និងកង្វះអាហារូបត្ថម្ភ។ ទឹកជំនន់បានបំផ្លាញ ឬធ្វើឲ្យខូចខាតសាលារៀនចំនួន ១៧,៥៦៦កន្លែងនៅទូទាំងប្រទេស ដែលបានធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់កុមារបន្ថែមទៀត បន្ទាប់ពីការបិទរយៈពេលពីរឆ្នាំដោយសារជំងឺ Covid-19។ ទីភ្នាក់ងារអង្គការសហប្រជាជាតិកំពុងផ្តល់ជំនួយដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះប្រទេសប៉ាគីស្ថាន តាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងការផ្តល់មូលនិធិ៕
អត្ថបទ៖ ប៊ុនថន