ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃនេះថា មនុស្ស ៧២នាក់បន្ថែមទៀត បានឆ្លងមេរោគកូវីដ១៩ ហើយអ្នកជំងឺកូវីដ១៩ចំនួន៤៧នាក់ទៀត ត្រូវបានព្យាបាលជាសះស្បើយ។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន ក្រសួងសុខាភិបាលបានរៀបរាប់ថា ករណីឆ្លងថ្មី ៧១នាក់ សុទ្ធតែពាក់ព័ន្ធនឹងការឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ហើយ ១ករណីទៀត គឺជាករណីនាំចូលពីក្រៅប្រទេស ដែលត្រូវបានរកឃើញលើបុរសជនជាតិឥណ្ឌាអាយុ ២៧ឆ្នាំ។
បើតាមក្រសួងសុខាភិបាល ករណីឆ្លងថ្មីពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ត្រូវបានរកឃើញនៅរាជធានីភ្នំពេញ ៣៣នាក់ ខេត្តព្រះសីហនុ ២២នាក់ ខេត្តកណ្ដាល ៨នាក់ ខេត្តស្វាយរៀង ៣នាក់ ខេត្តពោធិ៍សាត់ ៣នាក់ ខេត្តកំពត ១នាក់ និងខេត្តព្រៃវែង ១នាក់។
គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញមនុស្សសរុបដល់ទៅ ២ ៨២៤នាក់ហើយបានឆ្លងវីរុសកូវីដ១៩នៅទូទាំងប្រកាសគិតចាប់តាំងពីប្រទេសនេះរកឃើញករណីឆ្លងលើកដំបូងកាលពីចុងខែមករាឆ្នាំមុន ក្នុងនោះករណីឆ្លងដ៏ច្រើនលើសលប់ដល់ទៅ ២ ២៩៣ករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
ទន្ទឹមគ្នានេះ ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកជំងឺកូវីដសរុបដល់ទៅ ១ ៧៩៤នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្នុងនោះរួមបញ្ចូលទាំងអ្នកជាសះស្បើយថ្មី ៤៧នាក់ដែលក្រសួងទើបប្រកាសនៅថ្ងៃនេះផងដែរ៕ អត្ថបទ៖ សុខ ធី






