សៀមរាប៖ ជាថ្មីម្តងទៀត អាណាព្យាបាលរស់នៅតាមបណ្តាខេត្តផ្សេងៗ នៅថ្ងៃទី៥ខែកញ្ញានេះ បានមកទីកន្លែងប្រមូលផ្ដុំដែលរៀបចំដោយប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្នុងបំណងដង្ហោយហៅសាច់ញាតិឲ្យចាកចេញពីជុំរុំលោក ខឹម វាសនា ត្រលប់ទៅស្រុកកំណើតវិញ។
ស្ត្រីជាម្តាយម្នាក់ទៀត មកពីខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៥ខែកញ្ញានេះ បានទ្រហោយំនៅទីកន្លែងប្រមូលផ្ដុំ រៀបចំដោយលោក ខឹម វាសានា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ព្រោះកូនស្រីជាទីស្រឡាញ់របស់ខ្លួន ត្រូវបានអន្ទងឱ្យចូលទៅរស់នៅក្នុងចម្ការលោក ខឹម វាសនា ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប មិនព្រមចេញមកជួបខ្លួននោះឡើយ។
ស្ត្រីនោះបានស្រែកយំ ដោយពោលពាក្យយ៉ាងដូច្នេះថា ឱកូនស្រីម្តាយ បានរៀនខ្ពង់ខ្ពស់ល្អណាស់កូនស្រីម្តាយ។
នៅថ្ងៃទី០៥ ខែកញ្ញា នេះ ជាថ្ងៃកំណត់ដែលលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យសន្យារំសាយការជួបជុំរបស់ខ្លួននៅលើដីចម្ការក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ប៉ុន្តែបើមិនរំសាយទេនោះ អាជ្ញាធរ នឹងចាត់វិធានការទៅតាមអ្វីដែលបានសន្យា។នេះបើតាមប្រសាសន៍លោកទៀ សីហា អភិបាលខេត្តសៀមរាប។
លោក បន្តថា មកដល់ព្រលប់ថ្ងៃទី០៤ ខែកញ្ញានេះ ប្រជាពលរដ្ឋដែលបានទៅប្រមូលផ្តុំនៅចម្ការរបស់លោក ខឹម វាសនា នៅសល់តែជាង ១ពាន់នាក់ទៀតប៉ុណ្ណោះ ក្រៅពីនោះបានរំសាយអស់ហើយ។ សម្រាប់ពាក្យបណ្តឹងទទួលបានពីសាច់ញាតិទទួលបានប្រមាណជាង ៧០ពាក្យបណ្តឹង។
កាលពីថ្ងៃទី២៣ ខែសីហា កន្លងទៅថ្មីនេះ មានចលនាបំផុសបំផុលមនុស្សឱ្យទៅស្នាក់នៅជុំគ្នានៅដីចម្ការរបស់លោក ខឹម វាសនា ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោមការសាបព្រោះពាក្យចចាមអារាមមានគ្រោះរញ្ជួញដី និងទឹកលិចលង់ពិភពលោកជាដើម។
ប្រជាពលរដ្ឋមានជំនឿលើការឃោសនាគ្រប់រាជធានីខេត្ត រួមទាំងពលករបម្រើការក្រៅប្រទេសរួមមាន៖ កូរ៉េខាងត្បូង ជប៉ុន និងថៃផង បានចាកចេញពីលំនៅឋាន ចាកចេញពីកន្លែងការងារ សម្រុកទៅរស់នៅក្នុងចម្ការ ដែលគេឃោសនាថាជាទីតាំងតែមួយគត់គេចផុតពីគ្រោះមហន្តរាយពិភពលោក។យ៉ាងណាក៏ដោយគិតមកដល់ពេល គេមិនទាន់ឃើញមានការគ្រោះរញ្ជួញដី និងទឹកលិចលង់ពិភពលោកនោះទេ៕ អត្ថបទ៖ទូច សោភ័ណ