វាយកូនបាល់៖ កីឡាការិនីអាមេរិក Coco Gauff បានឈានឡើងវគ្គ ៨នាក់ចុងក្រោយ Grand Slam, US Open ជាលើកដំបូងក្នុងអាជីពក្រោយយកឈ្នះកីឡាការិនីចិន Zhang Shuai។ កីឡាការិនីអាមេរិកលំដាប់លេខ ១២ រូបនេះបានយកឈ្នះដោយលទ្ធផល ៧-៥ និង ៧-៥ លើ Zhang Shuai ដើម្បីបន្តដំណើរជួបជាមួយកីឡាការិនី Caroline Garcia នៅវគ្គ ៨នាក់ចុងក្រោយ។

Coco Gauff ដែលគេស្គាល់ថាជា Serena Williams តូចនោះមិនទាន់ចាញ់មួយសិតឡើយនៅ US Open ឆ្នាំនេះ តែនិមិត្តរូបរបស់នាងគឺកីឡាការិនី Serena Williams ដែលជាជើងឯក Grand Slam ២៣លើកនោះបានធ្លាក់ចេញពីការប្រកួតហើយក្រោយចាញ់កីឡាការិនីអូស្ត្រាលី Ajla Tomljanovic កាលពីព្រឹកថ្ងៃសៅរ៍។ Serena Williams ដែលនឹងឈានចូលវ័យ ៤១ឆ្នាំនៅខែក្រោយនោះបានលាអ្នកគាំទ្ររបស់នាងទាំងទឹកភ្នែក ក្រោយបញ្ចប់បេសកកម្មនៅ US Open និងជាព្រឹត្តិការណ៍ចុងក្រោយនៃអាជីពវាយកូនបាល់របស់ខ្លួន។
ងាកមកដល់លទ្ធផលផ្សេងទៀតផ្នែកនារីនេះដែរ កីឡាការិនីអេស្ប៉ាញ Caroline Garcia បានបន្តស្ថិតិមិនចាញ់ ១០ប្រកួតជាប់គ្នារបស់ខ្លួនក្រោយយកឈ្នះកីឡាការិនីអាមេរិក Riske-Amritraj ៦-៤ និង ៦-១។ ជ័យជំនះនេះធ្វើឱ្យ Caroline Garcia ឡើងវគ្គ ៨នាក់ចុងក្រោយនៅ Grand Slam ម្តងទៀត បន្ទាប់ពីធ្លាប់ធ្វើបានបែបនេះកាលពីឆ្នាំ២០១៧ នៅ French Open៕
អត្ថបទ៖នាង សុភាវុធ