ចិន៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV បានឱ្យដឹងថា ទីក្រុងនានារបស់ប្រទេសចិននៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងកើត បានត្រៀមខ្លួនទប់ទល់ការចូលមកដល់នៃព្យុះដ៏មានឥទ្ធិពល ដែលនឹងនាំមកដោយព្យុះទីហ្វុង Hinnamnor។
ទីក្រុងនានានៅភាគខាងកើតប្រទេសចិនបានផ្អាកសេវាកម្មនាវាចម្លង ហើយថ្នាក់រៀន និងជើងហោះហើរត្រូវបានលុបចោលក្នុងប្រទេសជប៉ុនកាលពីថ្ងៃអាទិត្យ ខណៈព្យុះទីហ្វុង Hinnamnor ជាព្យុះសកលលោកខ្លាំងបំផុតនៅឆ្នាំនេះដែលបានបោកបក់កាត់កោះតៃវ៉ាន់ និងប្រទេសកូរ៉េដោយមានខ្យល់បក់បោក និងភ្លៀងធ្លាក់ខ្លាំង។ មជ្ឈមណ្ឌលឧតុនិយមជាតិរបស់ប្រទេសចិនបានចេញការព្រមាន អំពីព្យុះទីហ្វុងពណ៌លឿងកាលពីម៉ោង 10ព្រឹកថ្ងៃអាទិត្យ ហើយបានព្រមានពីភ្លៀងធ្លាក់ខ្លាំងនៅភាគឦសានខេត្ត Zhejiang ទីក្រុងសៀងហៃ និងកោះតៃវ៉ាន់ស្វ័យគ្រប់គ្រង។ ខេត្ត Zhejiang បានបញ្ជាឲ្យទូកនេសាទទាំងអស់ត្រឡប់មកកាន់ចំណតរបស់ខ្លួនវិញ ហើយមជ្ឈមណ្ឌលពាណិជ្ជកម្មភាគខាងកើតទីក្រុង Wenzhou បានបញ្ជាឱ្យផ្អាកថ្នាក់រៀនទាំងអស់នៅថ្ងៃចន្ទនេះ។
នៅក្នុងទីក្រុងឆ្នេរសមុទ្រ Ningbo ពលរដ្ឋដែលរស់នៅក្នុងមណ្ឌលថែទាំ អន្តេវាសិកដ្ឋាន និងតំបន់ដែលមានហានិភ័យនៃការបាក់ដីត្រូវជម្លៀសខ្លួនចេញ។ ទីក្រុងសៀងហៃបានផ្អាកសេវាកម្មនាវាចម្លង និងដាក់ពង្រាយនគរបាលជាង ៥០,០០០នាក់ដើម្បីជួយសង្គ្រោះ និងណែនាំចរាចរណ៍ឱ្យនៅឆ្ងាយពីតំបន់គ្រោះថ្នាក់។ ការជម្លៀសពលរដ្ឋ និងការលុបចោលជើងហោះហើរក៏ត្រូវបានបញ្ជានៅកោះ Okinawa ភាគខាងត្បូងរបស់ប្រទេសជប៉ុនផងដែរ។ ព្យុះទីហ្វុងនេះត្រូវបានគេរំពឹងថា នឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំងមកកាន់ឧបទ្វីបកូរ៉េ ដែលអាចនាំមកនូវទឹកជំនន់៕
អត្ថបទ៖ ប៊ុនថន