ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី ជាច្រើននាក់នៅសាកលវិទ្យាល័យឥន្ទ្រវិជ្ជា។
ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រនោះលោកបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះសមិទ្ធផល ដែលនិស្សិតជ័យលាភីទាំងអស់ទទួលបានក្នុងថ្ងៃនេះ និងក៏ជាមោទនភាពមួយដ៏ធំធេងសម្រាប់ខ្លួនឯង និងក្រុមគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូល ដោយពីមួយថ្ងៃទៅមួយថ្ងៃ ប្រទេសជាតិយើង កាន់តែមានធនធានមនុស្សប្រកបដោយសក្តានុពលបន្តកើនឡើង។
ជាមួយគ្នានោះដែរលោក ហ៊ុន ម៉ាណែត ក៏សូមថ្លែងអំណរគុណចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានកែសម្រួលស្ថានការណ៍ និងដាក់ទិសដៅបន្ទាន់ ដោយរៀបចំឱ្យមានការបង្រៀនតាមអនឡាញ និងសូមអរគុណផងដែរចំពោះសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ព្រមទាំងក្រុមគ្រួសារ ដែលបានចូលរួមសម្របសម្រួលបត់បែនតាមកាលៈទេសៈនេះ។
ក្នុងន័យនេះ ស្ថានភាពនៃវិបត្តិកូវីដ-១៩ ពិតជាបានពន្លឿននូវការចាប់យកបច្ចេកវិទ្យា ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងការរៀនសូត្រ ដែលជានិន្នាការសាកល។ យ៉ាងណាក៏ដោយ ទាំងបច្ចុប្បន្ន និងតទៅអនាគត រាជរដ្ឋាភិបាលក៏នៅបន្តកសាងសាលារៀន និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីជំរុញ និងរក្សាសន្ទុះនៃការសិក្សាដោយផ្ទាល់នៅក្នុងសាលា ដែលនៅតែជាការងារសំខាន់ជាអាទិភាព ពីព្រោះការអប់រំត្រូវមានលក្ខណៈមូលជុំគ្រប់ជ្រុងទាំងអស់តាមរយៈសកម្មភាព ទំនាក់ទំនង និងការគិតពិចារណា ទើបអាចធានាបាននូវប្រសិទ្ធភាពជាក់ស្តែងទាន់ពេលវេលា។
លោកបណ្ឌិត បានបន្តទៀតថា សមិទ្ធផលធំបំផុតរបស់ប្រទេសជាតិ ដែលកើតឡើងក្រោយឆ្នាំ១៩៧៩ ដោយផ្អែកលើការផ្តល់អាទិភាពលើការអនុវត្តគោលនយោបាយ និងចក្ខុវិស័យលើវិស័យអប់រំតាំងពីជំនាន់នោះមក គឺការទទួលបាននូវធនធានមនុស្សដែលមានសមត្ថភាព លទ្ធភាព គុណធម៌ និងសីលធម៌ ដែលបានចូលរួមក្នុងការដឹកនាំ គ្រប់គ្រង កសាង និងអភិវឌ្ឍន៍ប្រទេសដោយឯករាជ្យម្ចាស់ការលើគ្រប់វិស័យ ទាំងផ្នែករដ្ឋ វិស័យឯកជន និងអង្គការសង្គមស៊ីវិលជាដើម។ នេះ គឺជាមោទនភាព ហើយដែលយើងត្រូវរួមគ្នាបន្តពង្រឹងទៅមុខទៀត ដើម្បីនិរន្តរភាពនៃការអភិវឌ្ឍជាតិ។ ធនធានមនុស្សម្នាក់ គឺជាសសរមួយដើមដែលទ្រទ្រង់ប្រទេសជាតិ ជាពិសេសសរជំនាន់ថ្មីៗដែលទទួលបានឱកាសពេញលេញក្នុងការសិក្សារៀនសូត្រ គឺត្រូវខិតខំកសាងពង្រឹងខ្លួនឱ្យបានរឹងមាំ ដើម្បីទ្រទ្រង់ និងទទួលបន្ទុកភារកិច្ចបន្តកសាងប្រទេស ដែលចេះតែរីកចម្រើនធំធាត់។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ការអប់រំបណ្តុះបណ្តាលធនធានមនុស្ស មិនត្រឹមតែចូលរួមពង្រឹងឯករាជ្យម្ចាស់ការរបស់ប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ដើរតួនាទីសំខាន់ក្នុងការជំរុញភាពប្រកួតប្រជែងដែលកាន់តែស្វិតស្វាញក្នុងចរន្តសាកលភាវូបនីយកម្មក្នុងពេលបច្ចុប្បន្ននេះផងដែរ។ គម្លាតខួរក្បាល ខុសពីគម្លាតផ្នែកហេដ្ឋារចនាសម្ព័ន្ធ។ យើងត្រូវប្រើពេលវេលាខ្លះដើម្បីកាត់បន្ថយគម្លាតហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែចំពោះគម្លាតខួរក្បាល គឺអាចត្រូវបានដោះស្រាយបានលឿនជាង ប្រសិនបើយើងមានឱកាសអប់រំសិក្សារៀនសូត្រ និងការបង្កលក្ខណៈ ជាពិសេសក្នុងដំណាក់កាលសុខសន្តិភាពដូចពេលបច្ចុប្បន្ន ពីព្រោះថាមនុស្សមានសមត្ថភាពខួរក្បាលដូចគ្នា ដើម្បីអភិវឌ្ឍន៍ខ្លួនទៅមុខ ដោយមិនបែងចែងរវាងជាតិសាសន៍ និងប្រទេសតូចធំនោះឡើយ៕អត្ថបទ៖ បាន ចក់











