ភ្នំពេញ៖ ថ្ងៃទី០៥ ខែកញ្ញានេះ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពនៃការអនុវត្តគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” និងការអនុវត្តផែនការបន្ត។
ក្នុងកិច្ចប្រជុំនោះឯកឧត្តមទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា តបតាមការអំពាវនាវរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ក្នុងទិវាមច្ឆជាតិ នៅអាងទឹកត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ វិស័យឯកជន ក៏ជាប្រជាពលរដ្ឋខ្មែរយ៉ាងច្រើន បានសម្រេចចូលរួមវិភាគទានជាមួយរាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា ឆ្ពោះទៅរកកម្ពុជាគ្មានមីនឆ្នាំ២០២៥ ហើយសម្តេចតេជោ បានប្រគល់ភារកិច្ចជូនដល់អាជ្ញាធរមីន ក្នុងការដឹកនាំ គ្រប់គ្រង និងសម្របសម្រួលដោយផ្ទាល់ សម្រាប់ការអនុវត្តគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”។
ឯកឧត្តម បានបន្តទៀតថា អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយប្រតិបត្តិករជាតិ រួមមាន៖ បញ្ជាការដ្ឋានកងទ័ពជើងគោក, មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម, និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដើម្បីរៀបចំផែនការបោសសម្អាតមីនជាអាទិភាព និងធ្វើការវិភាជន៍កម្លាំងបោសសម្អាតមីនរបស់ប្រតិបត្តិករឲ្យបានទាន់ពេលវេលា ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី។
ជាមួយគ្នានេះ អាជ្ញាធរមីន ក៏បានបញ្ជូនក្រុមការងារបច្ចេកទេសរបស់អាជ្ញាធរមីន ដើម្បីធ្វើការសិក្សា និងវាយតម្លៃស្ថានភាពចម្ការមីនជាក់ស្តែង ដោយសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីកាត់បន្ថយនូវរយៈពេលនៃការបោសសម្អាត និងការចំណាយផ្សេងៗគ្រាំទ្រដល់ការងារបោសសម្អាតមីន។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា រហូតដល់ពេលនេះ មានខេត្តចំនួន ៦ និងឃុំចំនួន ០៧ បានទទួលផលប្រយោជន៍ពីគម្រោងសម្តេចតេជោដំណាក់កាលទី១ រួមមាន ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តកំពត និងខេត្តស្វាយរៀង និងឃុំចំនួន ០៧ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយធ្វើការបោសសម្អាតក្នុងទំហំផ្ទៃដីសរុបចំនួន ៤២.៥១៣.៧២៩ ម៉ែត្រក្រឡា (៤២,៥១ គីឡូម៉ែត្រក្រឡា) ស្មើនឹង ៥២០ចម្ការមីន ដោយប្រើប្រាស់ថវិកាជាង៥,៧ លានដុល្លារ។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារបច្ចេកទេសរបស់អាជ្ញាធរមីន និងប្រតិបត្តិជាតិទាំងបី ដែលបានបំពេញការងារយ៉ាងសកម្មភាព និងផ្តល់កិច្ចសហការគ្នាទៅវិញទៅមកយ៉ាងល្អប្រសើរ ក្នុងគោលដៅរួម គឺពន្លឿនការបញ្ចប់វត្តមានគ្រាប់មីនដែលយើងបានដឹងឲ្យអស់ពីទឹកដីកម្ពុជា ក្នុងឆ្នាំ២០២៥ ស្របតាមទស្សនវិស័យ និងគោលបំណងរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី៕





