ឧត្ដរមានជ័យ៖ អាជ្ញាធរកម្ពុជា ខេត្តឧត្ដរមានជ័យ ដឹកនាំដោយឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្ត និងខេត្តស៊ីសា កេត នៃប្រទេសថៃ ដឹកនាំដោយឯកឧត្តម វ៉ាតថៈ ភុតធិឆាត អភិបាលខេត្ត បានជួបពិភាក្សាគ្នា ដើម្បីពង្រឹងអភិបាលកិច្ចល្អ រវាងខេត្តជាប់ព្រំដែនទាំងពីរ។
ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី០៤ ខែកញ្ញាម្សិលមិញ ក្នុងទឹកដីកម្ពុជា អាជ្ញាធរខេត្តទាំងពីរ ឧត្ដរមានជ័យ និងស៊ី សាកេត បានជជែកគ្នាលើកិច្ចការនានា ដើម្បីសម្រួលឲ្យមានភាពល្អឡើង រវាងប្រជាពលរដ្ឋទាំងពីរ ក្នុងការចេញចូលឆ្លងដែនតាមច្រកជាំ-សាងាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ជំនួបពិភាក្សាការងារនេះ បានផ្តោតសំខាន់លើកិច្ចការសំខាន់ៗជាច្រើនចំណុច ដែលត្រូវដោះស្រាយ រួមមាន ១- ការសម្របសម្រួលឲ្យមានការបន្ថែមម៉ោងចេញចូលនៅច្រកព្រំដែន។ ២- បញ្ហាពង្រឹងការងារសុខាភិបាលក្នុងការទប់ស្កាត់ជំងឺឆ្លង។ ៣- ការងារធ្វើប័ណ្ណឆ្លងដែន សម្រាប់ការចេញចូលជំនួសការទិញសំបុត្ររបស់ពលរដ្ឋក្នុង១ថ្ងៃៗ ដូចច្រកប៉ោយប៉ែត ដើម្បីសម្រួលដល់ជីវភាពប្រជាពលរដ្ឋទាំងពីរ ក្នុងការប្រកបមុខរបរ ការងារ រកស៊ី ទៅវិញទៅមក ។
អភិបាលខេត្តស៊ីសាកេត បានគាំទ្រ និងបានទទួលយកនូវរាល់សំណើនានារបស់ភាគីកម្ពុជា ដើម្បី ដាក់ជូនថ្នាក់លើក្នុងការសម្រេច ៕អត្ថបទ៖ ឃិន សារិទ្ធ