
ភ្នំពេញ៖ យោងតាមប្រភពពីមន្ត្រីជំនាញ ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យBTV ដឹងនារសៀលថ្ងៃទី០៥ ខែកញ្ញា នេះថា ស្ដ្រីម្នាក់ ក្នុងចំណោមជនរងគ្រោះ ប្រុសស្រីទាំង ០៧នាក់ ក្នុងករណីរបូតក្បាលរុំម៉ាណេហ្គាស បណ្ដាលឲ្យផ្ទុះរងរបួសនោះ បានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យ បន្ទាបពីសង្គ្រោះនៅមន្ទីរពេទ្យបានរយៈពេល២ថ្ងៃ។
គួរបញ្ជាក់ផងដែរ កាលពីវេលាម៉ោង១និង៥០នាទី រសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ មានករណី ផ្ទុះហ្គាស បណ្ដាលឲ្យមនុស្សរងរបួសចំនួន០៧នាក់ នៅចំណុចក្បែរផ្សារបឹងបៃតង តាមបណ្ដោយផ្លូវលេខ១៩២៨ ភូមិក្រុងថ្មី មូលដ្ឋានសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺរថយន្តដឹកស៉ីទែនហ្គាស បានចូលផ្ទេរហ្គាស មិនដឹងជាហេតុអ្វី ស្រាបតែរបូតក្បាលរុំម៉ាណេ ហ្គាស បណ្ដាលឲ្យផ្ទុះឆ្លងផ្លូវ ត្រូវអ្នកជិះម៉ូតូរ៉ឺម៉ក កំពុងជិះតាមបណ្តោយផ្លូវ ជិះម៉ូតូ និងម្ចាស់រងរបួសធ្ងន់ធ្ងរ។ បន្ថែមទៀតនោះកម្លាំងផ្ទុះហ្គាសបានខ្ទាតមកចំផ្ទះធ្វើម៉ូតូនិងរថយន្ត បណ្ដាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ។
ភ្លាមៗនោះកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងកម្លាំងការិយាល័យបង្ការនិងពន្លត់អគ្គិភ័យ បានចេញរថយន្តពន្លត់អគ្គិភ័យគ្រប់គោលដៅ ជួយអន្តរាគមន៍បាញ់ពន្លត់ ប៉ុន្តែដោយទំហំនៃការឆាបឆេះ ធំក្នុងលឿនផងនោះ ធ្វើឲ្យកម្លាំងអាជ្ញាធរជំនាញបង្ការនិងពន្លត់អគ្គិភ័យលំបាកក្នុងការជួយអន្តរាគមន៍ឲ្យបានទាន់ពេលវេលា តែយ៉ាងណា អគ្គិភ័យមិនបានរាលដាលដល់ការ៉ាសសាំងក្បែរនោះឡើយ។
លោក វរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការនិងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ម្ចាស់ទីតាំងការ៉ាសហ្គាសមាន ឈ្មោះ ប៉ែន ភារិទ្ធ ភេទប្រុស អាយុ៦៩ ឆ្នាំ រងរបួសធ្ងន់ធ្ងរ។ លោកនាយការិយាល័យ បានឲ្យដឹងថា ក្នុងហេតុការនេះបណ្ដាលឲ្យមនុស្សប្រុសស្រីរងរបួស ០៧នាក់ ក្នុងនោះ ប្រុស ០៦នាក់ និងស្រីម្នាក់ របួសធ្ងន់ទាំងអស់ត្រូវបានបញ្ជូនទៅមន្ទីរសង្គ្រោះបន្ទាន់ពេទ្យភ្លាមៗ។
លោក នាយការិយាល័យបានបន្តឲ្យដឹងថា ក្នុងប្រតិបត្តិការនេះរថយន្តពន្លត់អគ្គិភ័យមកដល់ទីតាំងកើតហេតុចំនួន២២គ្រឿង កម្លាំងនគរបាលបានប្រើប្រាស់ រថយន្តរបស់ស្នងការនគរបាលរាជធានីភ្នំពេញចំនួន១២ គ្រឿង រថយន្តទីក្រុង ជ្រោយចង្វាចំនួន៧គ្រឿង រថយន្តស្រាបៀ កម្ពុជាចំនួន១គ្រឿង និងរថយន្តកងរាជអាវុធហត្ថ ចំនួន២គ្រឿងអត់បានប្រើប្រាស់។ ចំពោះមូលហេតុកម្លាំងអាជ្ញាធរជំនាញស្រាវជ្រាវឃើញថាបណ្ដាលមកពីធ្លាយក្បាលរុំម៉ាណេផ្ទេរហ្គាសចូលស៊ីទែន៕ អត្ថបទ៖ កុម្ភះ




