ភ្នំពេញ៖ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានអះអាងថា គិតមកដល់បច្ចុប្បន្ននេះ ចិននៅតែបន្តឈរលំដាប់ទី១ ដែលជាប្រទេសទិញអង្ករពីកម្ពុជាប្រមាណ៥០ភាគរយ និងជាង ៣០ភាគរយ ទៅកាន់ទីផ្សារសហគមនអឺរ៉ុប ដែលឈរលំដាប់លេខរៀង បន្ទាប់ពីប្រទេសចិន។
ក្នុងកិច្ចសម្ភាសន៍ផ្ទាល់ជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី កាលពីសប្តាហ៍កន្លងទៅនៅរាជធានីភ្នំពេញ ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ថា ដោយសារតែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា និងចិន បានជំរុញឲ្យមានការបង្កើតពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរកាន់ តែល្អប្រសើរឡើងជាលំដាប់ ជាពិសេស ដោយសារកត្តានយោបាយសេដ្ឋកិច្ច របស់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្ន ដែលលោក តែងតែគិតគូរអំពីទីផ្សារជូនដល់កសិករ ហើយបង្ហាញ ពីការខិតខំប្រឹងប្រែងបង្កើនរាល់ឆ្នាំទៅលើទីផ្សារចិន ដោយ កើនពី១ឆ្នាំ ១០ម៉ឺនតោន ដល់ ៤០ម៉ឺនតោន នៅឆ្នាំ២០២២នេះ។
លោកបានលើកឡើងបន្តថា ជាមួយការនាំអង្ករចេញនេះដែរ សហព័ន្ធអរគុណផងដែរចំពោះទីផ្សារសហគមន៍អឺរ៉ុប ដែលជាទីផ្សារយូរអង្វែង ថ្វីត្បិតតែកម្រិតនៃការកើនឡើង មិនលើសពី ២០ទៅ៣០ម៉ឺនតោន ប៉ុន្តែជាទីផ្សារចន្ទុល ដើម្បីឲ្យមានសមតុល្យ រវាងទីផ្សារផ្សេងៗទៀត ។ លោកបន្ថែមថា ជាទូទៅបរិមាណតម្លៃអង្កររបស់កម្ពុជា រវាងប្រទេសចិន និងសហគមន៍អឺរ៉ុប គឺប្រហាក់ប្រហែលគ្នា ដែលក្នុង១ឆ្នាំ តម្លៃប្រមាណជាង ១០០លានដុល្លារ ឬឈានចន្លោះពី ១២០ ទៅ១៥០លានដុល្លារ ក្នុង១ឆ្នាំ។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា គិតក្នុងរយៈពេល៤ឆ្នាំក្រោយនេះ ប្រទេសចិន បានឈរនៅលំដាប់ទី១ ដែលនាំចូលអង្ករកម្ពុជាច្រើនជាងគេ ដែលបានស្រូបយកបរិមាណនាំចេញអង្ករ ពីកម្ពុជា ចន្លោះពីជាង ២០ម៉ឺនតោនទៅ៣០ម៉ឺនតោនក្នុងមួយឆ្នាំៗ។ ចំណែកទីផ្សារអឺរ៉ុបស្ថិតក្នុងលំដាប់ទី២ ដោយជារៀង រាល់ឆ្នាំកម្ពុជា បាននាំចេញអង្ករទៅអឺរ៉ុបរង្វង់ជាង ២០ម៉ឺនតោន។ ដោយឡែកយោងតាមរបាយការណ៍ សហព័ន្ធ ស្រូវអង្ករកម្ពុជា គិតក្នុងរយៈពេល៧ខែ ឆ្នាំ២០២២ បរិមាណការនាំអង្ករចេញពីកម្ពុជា ចំនួន ៣៥០,៩០២តោន គិតជាទឹកប្រាក់ចំនួន ២១៨.១៧លានដុល្លារ។
ក្នុងនោះ កម្ពុជាបាននាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៣ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៥៦ប្រទេស និងបានបរិមាណអង្ករសរុបចំនួន ៣៥០,៩០២តោន៕ អត្ថបទ៖ឈិត បូរ៉ាវី