បាល់ទាត់៖ អ្នកគាំទ្រប្រហែល ២ម៉ឺននាក់បានទទួលស្វាគមន៍តារាបាល់ទាត់ប្រេស៊ីល Marcelo ដែលផ្លាស់មកកាន់ក្លិបក្រិក Olympiakos ក្រោយចាកចេញពី Real Madrid។ អ្នកគាំទ្របានស្រែកច្រៀង និងដុតភ្លើងកាំជ្រួច ខណៈកីឡាករចំណូលថ្មីរូបនេះធ្វើដំណើរទៅកាន់ទីលានកីឡដ្ឋាន Georgios Karaiskakis។
Marcelo អមជាមួយភរិយា និងកូនប្រុស ២នាក់របស់ខ្លួនបានមកដល់អាកាសយានដ្ឋានអន្តរជាតិទីក្រុងអាតែន នៅពេលរសៀលដោយយន្តហោះឯកជន ហើយត្រូវបានអមដំណើរទៅកាន់កីឡដ្ឋានដោយនាយកកីឡាក្លឹប Olympiakos លោក Christian Karembeu។ Marcelo បានដើរចូលទីលានដោយពាក់អាវលេខ ១២ ដូចអាវដែលពាក់នៅ Real Madrid រយៈពេល ១៦រដូវកាលកន្លងមក។ ខ្សែការពារឆ្វេងរូបនេះបានចុះហត្ថលេខាកាលពីថ្ងៃសៅរ៍ ហើយលក្ខខណ្ឌនៃកិច្ចសន្យាមិនត្រូវបានប្រកាសទេ។ គេហទំព័រកីឡាក្រិកបានរាយការណ៍ថា កិច្ចសន្យានេះគឺសម្រាប់មួយឆ្នាំអមជាមួយលក្ខខណ្ឌបន្តបន្ថែមមួយឆ្នាំទៀត។

Marcelo វ័យ 34ឆ្នាំបានបង្ហាញខ្លួន 58ប្រកួតឱ្យប្រេស៊ីលពីឆ្នាំ២០០៦-២០១៨ រួមទាំងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១៤ និង ២០១៨។ Olympiakos គឺជាជើងឯកលីគកំពូលក្រិក Superleague បីរដូវកាលចុងក្រោយ ខណៈរដូវកាលនេះកំពុងស្វែងរកជើងឯកលើកទី៤៨ ក្នុងប្រវត្តិសាស្ត្រ៕
អត្ថបទ៖នាង សុភាវុធ