វាយកូនបាល់៖ កីឡាករវាយកូនបាល់អេស្ប៉ាញ Rafael Nadal បានរងបរាជ័យក្នុងព្រឹត្តិការណ៍ Grand Slam ជាលើកដំបូងក្នុងឆ្នាំ២០២២ នេះបន្ទាប់ពីចាញ់កីឡាករអាមេរិក Frances Tiafoe នៅជុំទី៤ Grand Slam, US Open។ កីឡាករអាមេរិក Frances Tiafoe បានធ្វើឱ្យអ្នកគាំទ្រម្ចាស់ផ្ទះអាមេរិកហ៊ោកញ្ជ្រៀវតាមរយៈជ័យជំនះ ៦-៤, ៤-៦, ៦-៤ និង ៦-៣ លើជើងឯក ៤សម័យ Rafael Nadal។

បរាជ័យនេះក៏បានបញ្ចប់ការប៉ុនប៉ងរបស់ Rafael Nadal ដែលចង់ឈ្នះជើងឯក Grand Slam ២៣លើក។ ក្រោយចប់ការប្រកួតកីឡាករវ័យ ៣៦ឆ្នាំរូបនេះមិនទាន់ច្បាស់ថានឹងវិលមកទីលានវិញពេលណានៅឡើយ។ Rafael Nadal មានកាលវិភាគប្រកួតពានរង្វាន់ Laver Cup នៅចុងខែកញ្ញានេះដោយនឹងចាប់ដៃគូជាមួយ Roger Federer, Novak Djokovic និង Andy Murray។ ចំណែកឯអ្នកឈ្នះ Frances Tiafoe នឹងត្រូវបន្តជួបជាមួយកីឡាកររុស្ស៊ីលំដាប់លេខ៩ Andrey Rublev នៅវគ្គ ៨នាក់ចុងក្រោយ។ Andrey Rublev បានយកឈ្នះកីឡាករលំដាប់កំពូលរបស់អង់គ្លេស Cameron Norrie ៦-៤, ៦-៤ និង ៦-៤៕
អត្ថបទ៖នាង សុភាវុធ