រុស្ស៊ី៖ វិមានក្រឹមឡាំងបាននិយាយថា ការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ីទៅកាន់អឺរ៉ុបនឹងមិនបន្តឡើងវិញទេ លុះត្រាតែទណ្ឌកម្មទាំងអស់ដែលដាក់លើទីក្រុង Moscow ត្រូវបានដកចេញ។ វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃចន្ទថា ទណ្ឌកម្មលោកខាងលិចគឺជាមូលហេតុធំបំផុត នៅពីក្រោយការសម្រេចចិត្តរបស់រុស្ស៊ីបិទបំពង់បង្ហូរប្រេង Nord Stream 1។

ដើមឡើយក្រុង Moscow បាននិយាយថា ខ្លួនបានបិទបំពង់បង្ហូរប្រេងដែលផ្គត់ផ្គង់ឧស្ម័នទៅកាន់អឺរ៉ុប ដើម្បីជួសជុល។ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មាន Interfax ថា បញ្ហានៃការបញ្ជូនឧស្ម័នកើតមានឡើង ដោយសារតែការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរបស់យើង និងប្រឆាំងនឹងក្រុមហ៊ុនមួយចំនួនដោយរដ្ឋលោកខាងលិច រួមទាំងអាល្លឺម៉ង់ និងចក្រភពអង់គ្លេស។ លោកបាននិយាយថា មិនមានហេតុផលផ្សេងទៀតដែលអាចបង្កឲ្យមានបញ្ហាបូមឧស្ម័ននេះទេ។
ការអត្ថាធិប្បាយរបស់លោក Peskov មានឡើងស្របពេលវិបត្តិថាមពលកាន់តែធ្ងន់ធ្ងរទូទាំងអឺរ៉ុប ដែលបានបន្ថែមបន្ទុកកាន់តែធ្ងន់ថែមទៀតបន្ទាប់ពីក្រុមហ៊ុន Gazprom ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ថាមពលរដ្ឋរបស់រុស្ស៊ីបានប្រកាសកាលពីថ្ងៃសុក្រថា ការងារជួសជុលរយៈពេល ៣ថ្ងៃដោយសារលិចធ្លាយប្រេងក្នុងទួប៊ីនមួយក្នុងចំណោមទួប៊ីនជាច្រើន របស់បំពង់បង្ហូរប្រេងនឹងត្រូវបន្ថែមពេលវេលាដោយមិនកំណត់។ គួរឲ្យដឹងថា បំពង់បង្ហូរប្រេង Nord Stream 1 ដែលត្រូវបានធ្វើប្រតិបត្តិការចាប់តាំងពីឆ្នាំ២០១១ គឺជាបណ្ដាញបញ្ជូនឧស្ម័នធម្មជាតិធំបំផុតតែមួយគត់រវាងរុស្ស៊ី និងអឺរ៉ុបខាងលិច៕
អត្ថបទ៖ សុខមាន