ប្រណាំងម៉ូតូ៖ ព្រឹត្តិការណ៍ប្រណាំង MotoGP ពិភពលោកនឹងមានវត្តមាននៅលើទឹកដីអារ៉ាប៊ីសាអ៊ូឌីតនាពេលអនាគត បន្ទាប់ពីភាគីអារ៉ាប៊ីសាអ៊ូឌីត និង MotoGP បានចុះអនុស្សរណៈយោគយល់គ្នាកាលពីថ្ងៃចន្ទ។ នៅក្នុង MOU នោះបានបញ្ជាក់ថា ព្រឹត្តិការណ៍ Saudi Arabian MotoGP នឹងមានវត្តមានភ្លាមនៅពេលទីលានថ្មីសាងសង់រួច ដែលមិនទាន់អាចកំណត់បានថានៅឆ្នាំណា។

ព្រឹត្តិការណ៍ MotoGP មានវត្តមាននៅលើទឹកដីមជ្ឈិមបូព៌ាតាំងពីឆ្នាំ២០០៤ ដែលដំបូងគេប្រទេសកាតាដែលជាការប្រណាំងនៅពេលយប់។ MotoGP បានបញ្ជាក់ដែរថា នៅក្នុង MOU នោះក៏មានគម្រោងអភិវឌ្ឍយុវជនលើវិស័យកីឡាប្រណាំងម៉ូតូ នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីតផងដែរ។ សូមបញ្ជាក់ថា អារ៉ាប៊ីសាអ៊ូឌីតកាលពីខែធ្នូកន្លងទៅក៏បានរៀបចំព្រឹត្តិការណ៍ប្រណាំង F1 ពិភពលោកផងដែរ ក្រោយចុះកិច្ចព្រមព្រៀងរយៈពេល ១៥ឆ្នាំជាមួយ F1 ហើយប្រទេសនេះក៏ស្ថិតក្នុងកាលវិភាគប្រកួត Dakar Rally ក៏ដូចជាការប្រកួតរថយន្តអគ្គិសនី Formula E ពិភពលោកផងដែរ៕
អត្ថបទ៖នាង សុភាវុធ