ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងថា ឥទ្ធិពលប្រព័ន្ធសម្ពាធទាប (ITCZ)អូសបន្លាយនៅភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម នឹងអាចបង្កមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅបង្គួរនៅលើខេត្តជាង ១០នៅប្រទេសកម្ពុជា។
អាជ្ញាធររាជធានីភ្នំពេញ អះអាងថា ឥទ្ធិពលអាកាសធាតុនេះ នឹងមិនបង្កជាទឹកជំនន់ជន់លិចនៅជាយរាជធានីភ្នំពេញ ខណៈពលរដ្ឋតាមតំបន់ធ្លាប់រងទឹកលិចមានការត្រៀមខ្លួនគិចពីទឹកជំនន់រួចរាល់។
បើតាមបណ្តាពលរដ្ឋដែលធ្លាប់រងទឹកលិចនៅលំនៅដ្ឋាននៅជាយខ័ណ្ឌដង្កោ រាជធានីភ្នំពេញ បានថ្លែងប្រាប់ BTV នៅថ្ងៃទី៦ ខែកញ្ញានេះថា នៅពេលនេះ ពួកគាត់តាមដានការព្យាករអាកាសធាតុជាប់ជាប្រចាំរបស់ក្រសួងធនធានទឹក និងឧតុនិយម ។ តែទោះយ៉ាងណាបណ្តាពលរដ្ឋគឺមានការត្រៀមខ្លួនផងដែរនៅមុន និងក្រោយរដូវបុណ្យភ្ជុំ គឺភូមិឋានរបស់ពួកគាត់នៅជាយរាជធានីភ្នំពេញតែងតែមានជំនន់ទឹកភ្លៀងជន់លិច។
បើតាមលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញថា រដ្ឋបាលរាជធានីភ្នំពេញ តែងតែមានការត្រៀមខ្លួនរួចជាស្រាច់ដូចជារៀបចំកងកម្លាំងទទួលខុសត្រូវ ត្រៀមសំភារៈជួយសង្គ្រោះ និងត្រៀមអំណោយសង្គ្រោះជាដើម ដើម្បីត្រៀមជួយអន្តរាគមន៍ទាន់ពេលវេលានៅពេលមានគ្រោះធម្មជាតិណាមួយកើតឡើង។
បើតាមអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុន្នី បានថ្លែងថា ឥទ្ធិពលអាកាសធាតុមានភ្លៀងធ្លាក់រាយប៉ាយទូទាំងប្រទេសចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែកញ្ញានេះ មកដល់ពេលនេះនៅខេត្តកំពង់ស្ពឺជាពិសេសតំបន់ភ្នំឱរ៉ាល់ជាដើម គឺមិនទាន់មានភ្លៀងច្រើន ដែលបង្កជាទឹកជំនន់ហូរតាមស្ទឹងព្រែកត្នោតបង្កជន់លិចជាយរាជធានៅភ្នំពេញនោះទេ ហើយយើងនឹងជូនដំណឹងបន្តទៀត ប្រសិនបើទឹកភ្លៀងបង្កករណីប៉ះពាលដល់តំបន់ណាដែលប្រឈមនឹងទឹកភ្លៀងជន់លិច៕ អត្ថប៖ ស៊ុម សុខជា
