បាល់ទាត់៖ ខ្សែការពារស្លាបស្តាំអង់គ្លេស Reece James បានប្តេជ្ញាចិត្តនៅជាមួយក្លិបតោខៀវ Chelsea រយៈពេលយូរអង្វែងបន្តទៀត ក្រោយចុះហត្ថលេខាលើកិច្ចសន្យាថ្មីដែលនឹងរក្សារូបគេនៅ Stamford Bridge ដល់ឆ្នាំ២០២៨។

កីឡាករដែលចេញពីយុវជនថ្នាល Chelsea រូបនេះទើបតែចុះកិច្ចសន្យាថ្មីកាលពីខែមករា ឆ្នាំ២០២០ ដែលមានសុពលភាពដល់ឆ្នាំ២០២៥ ខណៈកិច្ចសន្យាថ្មីនេះមានរួមបញ្ចូលការតម្លើងប្រាក់ឈ្នួល និងលក្ខខណ្ឌផ្សេងៗទៀត។ កីឡាករវ័យ ២២ឆ្នាំរូបនេះបានបង្ហាញខ្លួនសរុបឱ្យក្រុមតោខៀវ Chelsea ១២៨ប្រកួតតាំងពីឡើងមកកាន់ក្រុមធំកាលពីខែកញ្ញា ឆ្នាំ២០១៩ ក្នុងវ័យ ១៩ឆ្នាំនៅពេលនោះ។ Reece James គឺជាសមាជិកសំខាន់របស់ Chelsea ដែលឈ្នះជើងឯក UEFA Champions League កាលពីរដូវកាល ២០២០-២០២១ ដែល Chelsea យកឈ្នះ Manchester City ១-០៕
អត្ថបទ៖នាង សុភាវុធ