ភ្នំពេញ៖ តម្លៃហាងឆេងមាស កំពុងបន្តធ្លាក់ចុះ ស្របពេលធនាគារកណ្តាលសហរដ្ឋអាមេរិកបានដំឡើងអត្រាការប្រាក់ដុល្លារ ធ្វើឱ្យលុយដុល្លារអាមរិក មានតម្រូវការលើទីផ្សារខ្ពស់ ។
លោក ឈា ឆាយហេង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន PP Link Securities លើកឡើងនៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២២នេះថា ធនាគារកណ្តាលសហរដ្ឋអាមេរិក បានតម្លៃអត្រាប្រាក់ប្រមាណ ០.៧៥% ។
នៅក្នុងរយៈពេលនេះសម្រាប់អ្នកវិនិយោគបានមើលឃើញអត្ថប្រយោជន៍កាន់លុយដុល្លារ ប្រសើរជាងកាន់មាស សម្រាប់ឱកាសស្វែងរកប្រាក់ចំណេញផ្សេងៗ ដែលបានធ្វើឲ្យទីផ្សារមាសបាត់បង់តម្រូវការ។
តម្លៃហាងឆេងមាសបានបន្តធ្លាក់ថ្លៃក្នុងរង្វង់ប្រមាណជា ១០០ ដុល្លារ ក្នុងមួយអោន ពោលគឺពី ១ ៨០០ ដុល្លារអាមេរិក មកនៅត្រឹម ១ ៧០០ ដុល្លាអាមេរិក ក្នុងមួយអោន។ ជាក់ស្តែងនៅព្រឹកនេះ គឺស្ថិតនៅ ១ ៧១៧ ដុល្លារក្នុងមួយអោន។
លោក ឈា ឆាយហេង បន្តថា ទាក់ទងនឹងតម្លៃមាសធ្លាក់ចុះនេះ ចំពោះអ្នកធ្វើអាជីវកម្មមាស ដែលមានមាសនៅក្នុងដៃ ប្រាកដជាមានការប៉ះពាល់ ប៉ុន្តែវាក៏ជាឱកាសសម្រាប់អ្នកត្រូវការទិញក្នុងពេលបច្ចុប្បន្នផងដែរ ព្រោះខណៈនេះទីផ្សារមាសកំពុងបន្តធ្លាក់ចុះ ដែលអាចនឹងបន្ត ក្នុងរយៈពេល ២ ទៅ ៣ខែបន្ថែមទៀត ដោយសារទីផ្សារមាសកំពុងរងនូវសម្ពោធពីរូបិយវត្ថុដុល្លារ។
សម្រាប់រយៈពេលវែង ចំពោះអ្នកដែលទិញមាសទុក ក្នុងពេលកំពុងធ្លាក់ថ្លៃនេះ អាចទទួលបានប្រាក់ចំណេញ ដោយផ្អែកលើការព្យាករថា ទីផ្សារមាសអាចឡើងថ្លៃនៅចុងខែធ្នូរ ជាពិសេសនៅឱកាសចូលឆ្នាំចិនខាងមុខ។
សូមបញ្ជាក់ថា ជុំវិញការនាំចូលមាសនេះ យោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងរយៈពេល ៣ ខែ ឆ្នាំ២០២២នេះ កម្ពុជាបាននាំចូលមាស មានទំហំទឹកប្រាក់ ១ ២៨១ លានដុល្លារអាមេរិក ថយចុះជាង ៤៧% បើធៀបរយៈពេលដូចគ្នានិងឆ្នាំ ២០២១ នឹងនៅក្នុងរយៈពេលនេះដែរ កម្ពុជាក៏បាននាំចេញមាស មានទំហំទឹកប្រាក់ប្រមានជាង ៨៤ លានដុល្លារអាមេរិក៕ អត្ថបទ៖ សុន រ៉ាឌី