បាល់ទាត់៖ ការប្រកួតជំរុះជើងឯកអាស៊ីអាយុក្រោម ២០ឆ្នាំ AFC U20 Asian Cup នៅក្នុងពូល H ដែលគ្រោងធ្វើនៅទីក្រុង Basra ប្រទេសអ៊ីរ៉ាក់នោះត្រូវបានផ្លាស់ប្តូរចេញហើយដោយសារបញ្ហាសន្តិសុខក្នុងប្រទេស នេះបើតាមការបញ្ជាក់របស់សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី AFC។
ការប្រកួតជំរុះនៅក្នុងពូល H រួមមានវត្តមានរបស់អ៊ីរ៉ាក់ និងគុយវ៉ែត ឥណ្ឌា និងអូស្ត្រាលី តែនៅពេលនេះអូស្ត្រាលីបានដកខ្លួនដោយសារបារម្ភពីបញ្ហាសុវត្ថិភាព ខណៈការប្រកួតគ្រោងធ្វើឡើងនៅក្នុងខែនេះ។ មួយរយៈចុងក្រោយនេះ ទីក្រុង Basra ការប៉ះទង្គិចគ្នាក្នុងចំណោមគូប្រជែងរបស់ពួកសកម្មប្រយុទ្ធមូស្លីម Shi'ite នៅ Basra បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤នាក់កាលពីសប្តាហ៍មុន ខណៈដែលអំពើហិង្សាដែលបណ្តាលមកពីវិបត្តិនយោបាយកាន់តែអាក្រក់ បានវាយប្រហារភាគខាងត្បូងនៃប្រទេស។ អ៊ីរ៉ាក់គឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ១៩ ដែលរដ្ឋាភិបាលអូស្ត្រាលីណែនាំពលរដ្ឋរបស់ខ្លួនឱ្យជៀសវាង។ ពានរង្វាន់ AFC Asian Cup អាយុក្រោម ២០ឆ្នាំធ្វើឡើងនៅប្រទេសអ៊ូសបេគីស្ថានក្នុងឆ្នាំ២០២៣៕
អត្ថបទ៖នាង សុភាវុធ