បង់ក្លាដែស៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃចន្ទថា ក្រុមជួយសង្គ្រោះបានស្រង់សាកសពមនុស្សយ៉ាងហោច ២៥នាក់ចេញពីទន្លេនៅក្រៅរដ្ឋធានីប្រទេសបង់ក្លាដែស ក្រោយនាវាចម្លង បុកជាមួយនាវាដឹកប្រេង។ ពួកគេបានអះអាងថា នាវាចម្លង ML Rabit Al Hasan បានលិចកាលពីយប់ថ្ងៃអាទិត្យ ក្រោយបុកជាមួយនាវាដឹកប្រេងនៅក្នុងទន្លេស៊ីតាឡាក់យ៉ា ស្ថិតក្នុងស្រុកណារ៉ាយ៉ាន់ហ្គាន់នៅក្រៅរដ្ឋធានីដាកា។

លោក អ៊ឺសាដ ហូសាំង មន្ត្រីការពារជនស៊ីវិល និងពន្លត់អគ្គិភ័យបាននិយាយថា ក្រុមការងារសង្គ្រោះបានស្រង់សាកសពមនុស្ស ៥នាក់ទាំងយប់ និងរកឃើញសាកសពមនុស្ស ២០នាក់ផ្សេងទៀតនៅថ្ងៃចន្ទ។ ចំណែកឯមនុស្ស ៩នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ លោកបន្តថា នាវាចម្លង ២ជាន់បានធ្វើដំណើរឆ្ពោះទៅកាន់ស្រុកមាន់ហ្ស៊ីហ្គាន់ ជាមួយនឹងអ្នកដំណើរជាង ៥០នាក់ពេលដែលឧប្បត្តិហេតុកើតឡើង។ ក្រុមអាជ្ញាធរបានដាក់បន្ទុកលើនាវាដឹកប្រេងថា ជាអ្នកបើកបុកនាវាចម្លង និងបានបញ្ជាឲ្យបើកការស៊ើបអង្កេតលើមូលហេតុ ដែលនាំឲ្យហេតុការណ៍អាក្រក់នេះកើតឡើង។ សូមបញ្ជាក់ថា ឧប្បត្តិហេតុលិចនាវាចម្លងបានក្លាយជារឿងធម្មតា ទៅហើយនៅក្នុងប្រទេសបង់ក្លាដែស ដោយសារតែការផ្ទុកអ្នកដំណើរលើសចំណុះ និងច្បាប់ទម្លាប់ធូររលង់នៅពាសពេញ ១៣០ទន្លេ៕
អត្ថបទ៖ សារ៉ាត់