ភ្នំពេញ ៖ លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក TANINAI Ichitomo អនុប្រធានបេសកកម្មការទូតជប៉ុន ប្រចាំកម្ពុជា នាឱកាសដែលលោកទើបទទួលបានការតែងតាំងថ្មី ជាអនុប្រធាន។
ជាកិច្ចចាប់ផ្តើមលោក TANINAI Ichitomo បានសម្តែងការអបអរសាទចំពោះកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទទួលបានជោគជ័យ។
ជាការឆ្លើយតបលោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បតិ្ត បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅជូនចំពោះប្រទេសជប៉ុន ដែលបានផ្តល់ការគាំទ្រ ជាពិសេសនៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល លើការងារបណ្តុះបណ្តាលធនធានមនុស្ស ការផ្គត់ផ្គង់សម្ភារៈបរិក្ខារពេទ្យ។ ជាចុងក្រោយជប៉ុន បានគាំទ្រជាខ្លាំងលើការគាំទ្រប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយបានប្រគល់អំណោយរថយន្តគិលានសង្រ្គោះចំនួន១០០គ្រឿង មានម៉ាស៊ីនផលិតអុកហ្ស៊ីហ្សែន ដាក់នៅតាមមនី្ទរពេទ្យរដ្ឋថ្នាក់ជាតិ ចំនួន១១កន្លែង និងសម្ភារៈបរិក្ខារពេទ្យសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ផ្សេងទៀតផងដែរ។
ជាមួយគ្នានោះ ភាគីជប៉ុន ក៏បានស្នើសុំឲ្យមានការគាំទ្រពីក្រសួងសុខាភិបាល ក្នុងការបន្តធ្វើកិច្ចសហប្រតិបតិ្តការជាមួយគ្នាទៀត ហើយជប៉ុន ក៏សន្យាជួយ និងបន្តគាំទ្រដល់វិស័យសុខាភិបាល ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែរឹងម៉ាំ និងរីកចម្រើនបន្ថែមទៀត៕អត្ថបទ៖ រដ្ឋា










