ភ្នំពេញ ៖ តុលាការបានសម្រេចលើកពេលសវនាការ លើសំណុំរឿងលោក ឌួង ងៀប ទៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខបន្តទៀត ដោយមូលហេតុអវត្តមានមេធាវីការពារក្តីឲ្យជនជាប់ចោទ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ តុលាការលើកយកមកបើកសវនាការនេះ ដែលជាសវនាការលើកទី២ បន្ទាប់ពីលើកទី១ អវត្តមានជនជាប់ចោទ។ ប៉ុន្តែលើកទី២នេះក៏ត្រូវបានលើកពេលទៀត ដោយមានវត្តមានជនជាប់ចោទ ឌួង ងៀប តែអវត្តមានមេធាវីការពារក្តីជនជាប់ចោទវិញ ក្នុងនោះតុលាការក៏បានសម្រេចចាត់តាំងមេធាវីជំនួស ដើម្បីឲ្យបានដំណើរជំនុំជម្រះសួរដេញដោល មិនចង់អូសបន្លាយពេលទៅមុខទៀត។ ប៉ុន្តែជនជាប់ចោទ ឌួង ងៀប ទទួចមិនទទួលយក មេធាវី ដែលតុលាការចាត់ឲ្យនោះទេ ហើយបានស្នើសុំឲ្យតុលាការលើកពេលទៅថ្ងៃទី២៩ ខែកញ្ញា បន្តទៀត បើដល់ពេលហើយនោះ អវត្តមានមេធាវីការពារដោយអណត្តិ ជនជាប់ចោទសម្រេចទទួលយកមេធាវីចាត់តាំងរបស់តុលាការដោយបញ្ឈប់ការសុំពន្យាពេលបន្តទៀតហើយ។
ក្នុងសាលជំនុំជម្រះលេខ៣ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ លោក ស៊ិន វណ្ណរត្ន័ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ព្រមានចំៗ ទៅមន្រ្តីពន្ធនាគាររាជធានីភ្នំពេញPJ ថា លោកនឹងដាក់លិខិតទៅកាន់ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ ប្ញស្ថាប័នពាក់ព័ន្ធ ប្រសិនបើមានជាលើកទី៣ ក្នុងករណីអវត្តមានជនត្រូវចោទ ឌួង ងៀប ជាមួយនិងការមិនព្រមទទួលយកការជនុំជម្រះ ការមិនព្រមស្លៀកពាក់ដូចជនត្រូវចោទ ទង្វើនេះខុសពីគោលការគ្រប់គ្រងរបស់ពន្ធនាគារ និងមិនស្មើភាពគ្នាចំពោះមុខច្បាប់សម្រាប់ជនជាប់ចោទដ៏ទៃទៀត។
គួរបញ្ចាក់ផងដែរ កាលពីនៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះ ចៅក្រមស៉ើបសួរនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៉ើបសួរជំនំជំរះ តែ លោក ឌួង ងៀប ពុំឃើញមានវត្តមានចូលក្នុងសេវនាការឡើយ។ មានតែភាគី ជនជាតិតៃវ៉ាន ជាជនរងគ្រោះ ចូលរួមក្នុងសវនាការជំនុំជំរះនេះ។
ជនរងគ្រោះ មានឈ្មោះ CHIH YU បានឲ្យដឹងថាពាក់ព័ន្ធលុយចំនួន ជាង ៧ លាន ដុល្លារនេះ គឺលោក ជាដៃគូជំនួញ ជាមួយលោក ឌួង ងៀប ដោយក្រុមហ៊ុនមានការសហការគ្នា ជាយូមកហើយ ស្រាប់តែលោក ឌួង ងៀប បានឆបោក ជនរងគ្រោះ ពាក់ព័ន្ធករណីក្លែង អត្តសញ្ញាណប័ណ្ណឲ្យចិនច្រើននាក់ និង ក្លែងលក់ដីខ្យល់ ដោយយកបានលុយ ច្រើនលានដុល្លារ ។ កន្លងមក លោក ឌួង ងៀប ក៏ធ្លាប់បានចេញ ដែលជាទឹកចំនួន ឲ្យមកជនរងគ្រោះវិញផងដែរ តែជាសែកស្អុយ មិនមានទឹកប្រាក់ឡើយ។
ជាចុងក្រោយ ជនរងគ្រោះ ជាដើមចោទ សំណូមពរ ដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសស្ថាប័ន តុលាការ ជួយរកយុតិធម៌សម្រាប់ជនរងគ្រោះផង ដោយជាក់ស្ដែង សម្បីថ្ងៃបើកសេវនាការជំនំជំរះ លោក ឌួង ងៀប មិនមានវត្តនោះឡើយ ហើយបើមានវត្តមាន បែរជាសុំពន្យាពេល។ ពាក់ព័ន្ធករណីនេះ ភ្នាក់ងារសារព័ត៌មាន BTV ពុំមានប្រភពណាអាចបញ្ជាក់ពីលោក ឌួង ងៀប បានឡើយ៕ អត្ថបទ ៖ កុម្ភះ





