រុស្ស៊ី៖ ក្រសួងការបរទេសរបស់រុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកបានជំរុញឲ្យមានវិបត្តិការផ្គត់ផ្គង់ឧស្ម័នរបស់សហភាពអឺរ៉ុប ដោយរុញបណ្ដាក្រុមមេដឹកនាំអឺរ៉ុបដល់ដំណាក់កាលអត្តឃាត នៃការកាត់បន្ថយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងថាមពលជាមួយទីក្រុង Moscow។

អឺរ៉ុបកំពុងប្រឈមនឹងវិបត្តិផ្គត់ផ្គង់ឧស្ម័នធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន ដោយធ្វើឲ្យតម្លៃថាមពលហក់ឡើងខ្ពស់ ហើយក្រុមហ៊ុននាំចូលនានារបស់ប្រទេសអាល្លឺម៉ង់ កំពុងពិភាក្សាពីការបែងចែកនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់សហភាពអឺរ៉ុប បន្ទាប់ពីរុស្ស៊ីបានកាត់បន្ថយលំហូរឧស្ម័នទៅកាន់បណ្ដាប្រទេសនៅអឺរ៉ុបខាងកើត។ នៅពេលត្រូវបានសួរថា តើត្រូវធ្វើបែបណាដើម្បីឲ្យបំពង់បង្ហូរប្រេង Nord Stream 1 ចាប់ផ្ដើមដំណើរការឡើងវិញ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានប្រាប់សារព័ត៌មាន Reuters ថា សូមស្ដាប់ឲ្យច្បាស់ អ្នកកំពុងសួរសំណួរខ្ញុំដែលសូម្បីតែកូនក្មេងក៏ដឹងចម្លើយនេះដែរ គឺចំពោះអ្នកណាដែលចាប់ផ្ដើម អ្នកនោះចាំបាច់ត្រូវបញ្ចប់រឿងនោះដោយខ្លួនឯង។
លោកស្រីបាននិយាយថា សហរដ្ឋអាមេរិកបានព្យាយាមជាយូរមកហើយ ដើម្បីបំបែកបំបាក់ទំនាក់ទំនងថាមពលរដ្ឋរវាងរុស្ស៊ី និងប្រទេសមហាអំណាចធំៗរបស់សហភាពអឺរ៉ុប ដូចជាប្រទេសអាល្លឺម៉ង់ជាដើម ទោះបីជាទីក្រុង Moscow គឺជាអ្នកផ្គត់ផ្គង់ថាមពលដែលឤចទុកចិត្ដបាន ចាប់តាំងពីសម័យសហភាពសូវៀតក៏ដោយ៕
អត្ថបទ៖ សុខមាន