ភ្នំពេញ៖ ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា ការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងអនុវិស័យអប់រំកាយ និងកីឡាបានបញ្ចប់ហើយ និងបានសម្រេចលទ្ធផលមួយជំហានធំផងដែរបន្ទាប់ពីចំណាយពេលរៀបចំ ៣ឆ្នាំកន្លងមក។
ការលើកឡើងនេះបន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំពិធីផ្ដល់ប័ណ្ណសរសើរ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ សមាជិកគណៈកម្មការ និងអនុគណៈកម្មការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងអនុវិស័យអប់រំកាយ និងកីឡាកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។ ក្នុងនាមក្រសួងអប់រំ ឯកឧត្តម ប៊ូ ជុំសេរី បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងឲ្យសម្រេចបាននូវសមិទ្ធផល នៃការតាក់តែងសេចក្ដីព្រាងច្បាប់នេះ បន្ទាប់ពីដំណើរការការតស៊ូមតិ ប្រមូលធាតុចូល ក្នុងកិច្ចប្រជុំ និងសិក្ខាសាលាជាច្រើនលើកក្នុងរយៈពេល ៣ឆ្នាំកន្លងមក។ ឯកឧត្តមបន្ថែមថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងអនុវិស័យអប់រំកាយ និងកីឡានឹងត្រូវបន្តឆ្លងជាច្រើនដំណាក់កាលទៀតនៅគណៈរដ្ឋមន្ត្រី មុនពេលសម្រេច និងបញ្ជូនទៅសភាជាតិ។ បន្ទាប់ពីប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ ច្បាប់ស្តីពីការគ្រប់គ្រងអនុវិស័យអប់រំកាយ និងកីឡានេះនឹងក្លាយជាប្រទីបបំភ្លឺផ្លូវសម្រាប់វិស័យអប់រំកាយ និងកីឡាកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
គួរដឹងថា គណៈកម្មការសិក្សាស្រាវជ្រាវតាក់តែងច្បាប់អនុគ្រប់គ្រងវិស័យអប់រំកាយ និងកីឡា ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដែលបានដឹកនាំ និងចូលរួមអង្គប្រជុំប្រមាណ ១២៦លើក ជុំវិញការប្រមូលធាតុចូលក្នុងការរៀបចំតាក់តែងច្បាប់កីឡានេះ ដោយចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៩ រហូតដល់ដើមឆ្នាំ២០២២។ នេះជាភាពជោគជ័យមួយជំហាន ស្របតាមផែនការរបស់ក្រសួងអប់រំ យុវជន និងកីឡា។ សេចក្តីព្រាងច្បាប់នេះនឹងជាមូលដ្ឋានគ្រឹះសម្រាប់អត្តពលិកជំនាន់ក្រោយ ក្នុងការស្រាវជ្រាវ ការងារគ្រប់គ្រងអង្គការកីឡា ការគ្រប់គ្រងសកម្មភាពហាត់ប្រាណ និងលេងកីឡានៅតាមគ្រឹះស្ថានសិក្សា ការគ្រប់គ្រងសកម្មភាពហាត់ប្រាណ និងលេងកីឡា ការគ្រប់គ្រងការរៀបចំការប្រកួត និងព្រឹត្តិការណ៍កីឡា ការគ្រប់គ្រងកីឡាករកម្រិតខ្ពស់ ការបណ្ដុះបណ្ដាលធនធានមនុស្ស ការគ្រប់គ្រងហិរញ្ញវត្ថុកីឡា ក្រមសីលធ៌មកីឡា ការដោះស្រាយវិវាទកីឡា និងការងារពាក់ព័ន្ធនានាក្នុងវិស័យកីឡារបស់ជាតិយើងជាដើម៕
អត្ថបទ៖ លី ឈុនឡា