បាល់ទាត់៖ ក្រុមការពារតំណែងជើងឯក UEFA Champions League, Real Madrid បានបើកឆាកការប្រកួតនៅក្នុងពូល F ជាមួយនឹងជ័យជំនះ ៣-០ នៅទឹកដីស្កុតឡេនរបស់ Glasgow Celtic។ បន្ទាប់ពីប្រាំឆ្នាំអវត្តមានពីបាល់ទាត់អឺរ៉ុប Celtic មានឱកាសជាច្រើននៅក្នុងវគ្គទី១ តែធ្វើមិនបានសំរេច។

ចូលវគ្គទី២ Vinicius Junior ដែលស៊ុតបញ្ចូលទីមួយគ្រាប់ឱ្យ Real Madrid លើកពានរដូវកាលមុននោះក៏រកបានគ្រាប់នាំមុខនៅនាទីទី៥៦ មុនពេលដែលខ្សែបម្រើក្រូអាស៊ី Luka Modric បន្ថែមការនាំមុខ ២-០ នៅនាទីទី៦០ និងគ្រាប់ចុងក្រោយដោយខ្សែបម្រើប៊ែលហ្ស៊ិក Eden Hazard។ ក្រុមរបស់លោក Carlo Ancelotti ក៏បានបាត់ខ្សែប្រយុទ្ធបារាំង Karim Benzema ដែរក្រោយរបួសនៅវគ្គទី១។ ជ័យជំនះនេះធ្វើឱ្យ Real Madrid មានបីពិន្ទុជាមួយក្រុមអ៊ុយក្រែន Shakhtar Donetsk ដែលបានយកឈ្នះនៅទឹកដីអាល្លឺម៉ង់ RB Leipzig ៤-១។ Shakhtar Donetsk ជាក្លិបអ៊ុយក្រែនដំបូងដែលបានប្រកួតនៅក្របខណ្ឌអឹរ៉ុប តាំងពីសង្គ្រាមរបស់រុស្ស៊ីលើទឹកដីអ៊ុយក្រែន៕
អត្ថបទ៖នាង សុភាវុធ