បាល់ទាត់៖ សមាជិកក្រុមបាល់ទាត់នារីណាហ្គាវើលដ៏-កំពង់ស្ពឺដែលជាអ្នកខេត្តកំពង់ស្ពឺ ក៏ដូចជាអ្នកស្នេហាវិស័យកីឡានាខេត្តកំពង់ស្ពឺបានប្ដេជ្ញាបង្កើនការខំប្រឹងកាន់តែខ្លាំង ដើម្បីលើកមុខមាត់ខេត្តរបស់ខ្លួន បន្ទាប់ពីទទួលបានសមិទ្ធផលថ្មីស្រឡាងមួយទៀតគឺពហុកីឡដ្ឋានខេត្តកំពង់ស្ពឺ ដែលទើបសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញ។

ក្នុងឱកាសម្ពោធដាក់ឲ្យប្រើប្រាស់នោះ ពួកគេបានសម្ដែងនូវមោទនភាព និងសេចក្ដីរីករាយ ដែលខេត្តរបស់ខ្លួនមានកីឡដ្ឋានស្ដង់ដារអន្ដរជាតិ ពិសេសពួកគេបានថ្លែងអំណរគុណឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអ្នកតំណាងរាស្ដ្រខេត្តកំពង់ស្ពឺ ដែលបានផ្ដួចផ្ដើមគំនិតសាងសង់គម្រោងនេះឡើង។ តាមរយៈនេះពួកគេបានប្ដេជ្ញានឹងខិតខំហ្វឹកហាត់ ដើម្បីពង្រឹងសមត្ថភាពសមត្ថភាពឲ្យបានខ្លាំង សម្រាប់ចូលរួមប្រកួតប្រជែងលើឆាកជាតិ និងអន្ដរជាតិ និងដើម្បីជាការលើកមុខមាត់ខេត្តរបស់ខ្លួន។ គួរដឹងថា ពហុកីឡដ្ឋានខេត្តកំពង់ស្ពឺសាងសង់ឡើងលើផ្ទៃដីជាង ៤៣,៣ម៉ែត្រក្រឡា ដែលមានអគារកម្ពស់ ៣ជាន់អាចផ្ទុកអ្នកទស្សនាបាន ៣ពាន់នាក់។ ក្រៅពីទីលានាបាល់ទាត់ សមិទ្ធផលថ្មីនៃក្រុងច្បារមននេះក៏មានទីលានរត់ប្រណាំងចម្ងាយ ៤០០ម៉ែត្រ រួមជាមួយហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ពិសេសក៏មានសួនកម្សាន្ដសម្រាប់ប្រជាពលរដ្ឋនាំកូន-ចៅមកលេងកម្សាន្ដ ក៏ដូចជាហាត់ប្រាណនៅទីនោះបានទៀតផង។
ក្រោមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម ហ៊ុន ម៉ានី ពហុកីឡដ្ឋានស្ដង់ដារអន្ដរជាតិនេះសាងសង់ឡើងក្នុងស្មារតីដើម្បីលើកមុខមាត់ និងកិត្យានុភាពរបស់ខេត្តកំពង់ស្ពឺផង និងក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យកីឡាជាតិឲ្យរីកចម្រើនផង ពិសេសត្រៀមដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខ។ ពហុកីឡដ្ឋាននេះបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃអង្គារ៍សប្ដាហ៍នេះ ក្រោមអធិបតីភាពឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ លី ឈុនឡា