ប៉ាគីស្ថាន៖ មន្ត្រីអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារថា ស្ថានភាពក្រោយការបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរដោយសារទឹកជំនន់នៅប្រទេសប៉ាគីស្ថាន កំពុងបន្តប៉ះពាល់ដល់ពលរដ្ឋជាង ៣៣លាននាក់រួមទាំងជនភៀសខ្លួនអាហ្វហ្គានីស្ថានផងដែរ។

កាលពីថ្ងៃអង្គារនោះដែរ ប្រទេសប៉ាគីស្ថានបានប្រឹងប្រែងបើកផ្លូវទឹកកាន់តែធំ នៅក្នុងបឹងធំបំផុតរបស់ខ្លួនដើម្បីទប់ស្កាត់កុំឲ្យទឹកបុកខ្លាំង ស្របពេលទឹកជំនន់ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានដែលបានជន់លិច ១ភាគ៣ នៃប្រទេសនៅអាស៊ីខាងត្បូងមួយនេះ ខណៈដែលអង្គការសហប្រជាជាតិបានព្រមានពីការមកដល់ នៃគ្រោះមហន្តរាយកាន់តែធ្ងន់ធ្ងរថែមទៀត។ លោក Indrika Ratwatte នាយកការិយាល័យប្រចាំតំបន់សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បានប្រាប់សន្និសីទសារព័ត៌មាននៅការិយាល័យនោះថា ប្រទេសប៉ាគីស្ថានកំពុងទទួលជនភៀសខ្លួនអាហ្វហ្គានីស្ថានរាប់លាននាក់ រយៈពេលជាច្រើនទសវត្សរ៍មកហើយ ហើយសហគមន៍អន្តរជាតិគួរតែបង្កើនការគាំទ្ររបស់ខ្លួនដល់ប៉ាគីស្ថានដោយកុំបង្អង់។

ទិន្នន័យផ្លូវការដែលបានបញ្ចេញកាលពីថ្ងៃអង្គារបង្ហាញថា ចំនួនអ្នកស្លាប់នៅក្នុងប្រទេសប៉ាគីស្ថានដោយសារភ្លៀងរដូវមូសុង និងទឹកជំនន់ដែលបានចាប់ផ្ដើមកាលពីពាក់កណ្ដាលខែមិថុនាបានកើនឡើងដល់ ១,៣២៥នាក់ និងរបួសចំនួន ១២,៧០៣នាក់។ ចំណែកលោក Tarik Jasarevic អ្នកនាំពាក្យអង្គការសុខភាពពិភពលោក (WHO) បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា អគារសុខាភិបាលជាង ១,៤៦០កន្លែងក្នុងប្រទេសប៉ាគីស្ថានត្រូវបានប៉ះពាល់ដោយសារទឹកជំនន់ ក្នុងនោះ ៤៣២កន្លែងត្រូវបានខូចខាតទាំងស្រុង និង ១,០២៨កន្លែងរងការខូចខាតដោយផ្នែក៕
អត្ថបទ៖ សុខមាន