បាល់ទាត់៖ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡាបានសម្ដែងការអបអរសាទរចំពោះពហុកីឡដ្ឋានខេត្តកំពង់ស្ពឺ ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ហើយបានចាត់ទុកសមិទ្ធផលថ្មីនេះគឺជាការឆ្លុះបញ្ចាំង ពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំបន្ដវេន ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

ក្នុងនាមអាជ្ញាធរកីឡា ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកីឡដ្ឋានខេត្តកំពង់ស្ពឺ ដែលបានលេចចេញជារូបរាងក្រោមសាងសង់ស្របតាមស្ដង់ដារបច្ចេកទេស និងរចនាបថខ្មែរ ដែលមានឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអ្នកតំណាងរាស្ដ្រខេត្តកំពង់ស្ពឺ បានចលនាសប្បុរសជនកសាងពហុកីឡដ្ឋានស្ដង់ដារអន្ដរជាតិឡើង ដែលនិយាយដោយឡែកសម្រាប់ប្រជាជនខេត្តកំពង់ស្ពឺ និងនិយាយរួមគឺសម្រាប់ប្រយោជន៍កីឡាជាតិ។ ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា ពាក់ព័ន្ធនឹងសមិទ្ធផលនេះគឺឆ្លុះបញ្ចាំងពីថ្នាក់ដឹកនាំបន្ដវេន គិតគូរយកចិត្តទុកដាក់ទៅលើសុខុមាលភាពរបស់ប្រជាជនជាចម្បង។ ក្នុងនោះវិស័យកីឡា បើសិនប្រជាជនមានសុខភាពល្អ រាង្គកាយរឹងមាំ បញ្ញាវាងវៃ ហើយមានចំណេះដឹង និងសីលធម៌ល្អ នឹងក្លាយទៅជាធនធានដ៏មានប្រសិទ្ធភាព សម្រាប់កសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ ដែលឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ឆ្នាំ២០៣០ និងឆ្នាំ២០៥០ ពិសេសសមិទ្ធផលនេះមានតម្លៃធំធេងអាចប្រើប្រាស់សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ ផងដែរ។

សូមបញ្ជាក់ថា ពហុកីឡដ្ឋានខេត្តកំពង់ស្ពឺដែលផ្ដួចផ្ដើមគំនិតសាងសង់ដោយឯកឧត្តម ហ៊ុន ម៉ានី បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។ ពហុកីឡដ្ឋានស្ដង់ដារអន្ដរជាតិនេះបានចំណាយថវិកាសាងសង់ ៣លាន និង ៥០ម៉ឺនដុល្លារដោយមិនគិតពីតម្លៃដី ក្នុងនោះមានអគារកម្ពស់ ៣ជាន់ដែលអាចផ្ទុកអ្នកទស្សនាបាន ៣ពាន់នាក់ និងមានបង្គោលភ្លើងអាចបម្រើឲ្យការប្រកួតពេលយប់ រួមជាមួយហេដ្ឋានរចនាសម្ព័ន្ធជាច្រើនផ្សេងទៀត៕
អត្ថបទ៖ លី ឈុនឡា